កម្ពុជា បានទាញយកចំណូលពីការនាំចេញដំឡូងមីប្រមាណជាង ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍គោលនយោបាយដំឡូងមីសម្រាប់ឆ្នាំ ២០១៨-២០២២ បានបង្ហាញថា ប្រទេសកម្ពុជា បានទាញយកចំណូលពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារក្រៅប្រទេស មានតម្លៃប្រហែល ៧២៨លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលវិស័យនេះ បានស្រូបយកការចូលរួមរបស់អ្នកជនបទច្រើនជាង ៩ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន ១៣ ក្នុងការដាំដុះដំឡូងមី និងបានបង្កើតការងារតាមរដូវកាល ជាច្រើនសម្រាប់កម្លាំងពលកម្មក្នុងស្រុក។

ការនាំចេញដំឡូងមីរបស់កម្ពុជា ភាគច្រើនលើសលុបទៅកាន់ទីផ្សារប្រទេសថៃ និងវៀតណាម ខណៈដែលការនាំចេញដោយផ្ទាល់ទៅប្រទេសចិន ដែលជាទីផ្សារមានតម្រូវការដំឡូងមីដ៏ ធំរបស់ពិភពលោក គឺមានប្រមាណជាង ៨ម៉ឺនតោន សម្រាប់ចំណិតដំឡូងមីក្រៀម ក្នុងតម្លៃ ១៥,៥ លានដុល្លារ និងម៉្សៅដំឡូងមីប្រមាណជាង ៣ម៉ឺនតោន ក្នុងតម្លៃ ១០,៥លានដុល្លារ ក្នុងឆ្នាំ ២០១៦។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យដំ ឡូងមីក្លាយជាដំណាំសក្តានុពលធំបំផុតទីពីរនៅក្នុងប្រទេស ដែលបានដាំដុះនៅលើផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា ហើយវាត្រូវបានប៉ាន់ប្រមាណថា នឹងរួមចំណែករវាង ៣%ទៅ ៤% នៃផលិត ផលក្នុងស្រុកសរុប។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកម្ពុជា មិនទាន់ទាញយកផលចំណេញបានច្រើននៅឡើយ ពីផលិតកម្មដំឡូងមីនេះ ដោយសារតែការនាំចេញភាគច្រើននៅក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃ និងជាចំណិតដំឡូងមីក្រៀម ខណៈដែលការចំណាយលើការដាំដុះដំឡូងមីមានប្រ ហែល ៣០០លានដុល្លារ ជារៀងរាល់ឆ្នាំ។

បច្ចុប្បន្នកម្ពុជា មានរោងចក្រកែច្នៃម៉្សៅមីចំនួន ៥ក្នុងចំណោម ១០រោងចក្រ ដែលកំពុងប្រតិ បត្តិការ ខណៈដែលមានរោងមានរោងចក្រថ្មីមួយទៀតកំពុងដំណើរការរៀបចំ។ ជាមួយគ្នានេះ ក៏មានរោងចក្រចម្រាញ់អេតាណុលចេញពីផលិតផលដំឡូងមីចំនួន ២នៅជិតទីក្រុងភ្នំ ពេញបានប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងដាក់ទីតាំងកម្ពុជាជាមជ្ឈមណ្ឌលនៃឧស្សាហកម្មកែច្នៃ ដំឡូងមី និងជាអ្នកផ្គត់ផ្គង់ផលិតដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារសកលលោ ក។ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានកំណត់គោលដៅនាំចេញម៉្សៅដំឡូងមីចំនួន ៥០ម៉ឺនតោន សម្រាប់ម៉្សៅកែច្នៃ និងមិនទាន់កែច្នៃ ទៅកាន់ទីផ្សារចម្រុះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់ការប្រើប្រាស់អនុផល និងសំណល់ដំឡូងមី សម្រាប់ចំណីសត្វ និងជី ជាធាតុចូលដែលមានតម្លៃថោកសម្រាប់កសិករកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមីកាលពីម្សិលមិញ បានបង្ហាញជំនឿថា កម្ពុជា នឹងក្លាយទៅជាទីតាំងឧ ស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិ ភពលោក ដោយសារកម្ពុជាដាក់ចេញគោលនយោបាយដំឡូងមី ដែលផ្តល់នូវចក្ខុវិស័យ ច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខា លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន៕


អត្ថបទ៖ សៀម ប៊ុនធី
រូបភាព៖ ឯកសារ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation