ព័ត៌មានអន្តរជាតិ

ក្រុមសកម្មជនវ័យក្មេងថៃដុតរូបថតនាយករដ្ឋមន្ត្រីថៃអំឡុងពេលតវ៉ា

image

ថៃ៖សកម្មជនវ័យក្មេងមួយក្រុមនៅថ្ងៃសុក្រនេះបានប្រមូលផ្តុំគ្នានៅក្បែរវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក និងបានដុតរូបថតរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) និងរូបថតឧបនាយករដ្ឋមន្ត្រីដេីម្បីបង្ហាញពីការតវ៉ាប្រឆាំងនឹងរបបនេះ។

ក្រុមនេះក៏អំពាវនាវផងដែរឲ្យរដ្ឋាភិបាលថៃបច្ចុប្បន្នដែលត្រូវបានចោទថាកេីតចេញពីការបោះឆ្នោតដែលគ្មានភាពយុត្តិធម៌នោះចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

ការតវ៉ានៅថ្ងៃសុក្រនេះគឺជាការប្រមូលផ្តុំមួយក្នុងចំណោមការប្រមូលផ្តុំគ្នាជាច្រើនដែលបានធ្វេីឡើងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តផ្សេងទៀតពេញមួយសប្តាហ៍មកនេះក្រោមចលនាយុវជនតែមួយដែលបានងេីបឡើងវិញបន្ទាប់ពីប្រទេសថៃមិនមានករណីឆ្លងថ្មីរបស់វីរុសកូវីដ១៩អស់យៈពេល៦០ថ្ងៃមកហេីយ។

គួរកត់សម្គាល់ថា ការប្រឆាំងរបស់មហាជនចំពោះ លោកប្រាយុទ្ធ បាននិងកំពុងកើនឡើងនាប៉ុន្មានខែថ្មីៗនេះ។

ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំមុនមក តុលាការបានរំលាយគណបក្សប្រឆាំងធំជាងគេទី២ក្នុងប្រទេសថៃដោយបានជួយឱ្យគណបក្សចម្រុះកាន់អំណាចរបស់គាត់អាចក្តោបក្តាប់អំណាចកាន់តែខ្លាំងក្នុងសភា។

ប្រទេសថៃគ្រោងនឹងបន្តអនុវត្តច្បាប់ក្នុងគ្រាអាសន្នរហូតដល់ចុងខែសីហា ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថាច្បាប់នេះនឹងត្រូវប្រេីដេីម្បីទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ប៉ុណ្ណោះ មិនមែនប្រេីសម្រាប់ទប់ទល់នឹងការប្រមូលផ្តុំតវ៉ានោះទេ។ រហូតមកដល់ពេលនេះមិនមានការចាប់ខ្លួននរណាម្នាក់នៅក្នុងការតវ៉ាឡេីយ៕