ព័ត៌មានអន្តរជាតិ

មួយជំហានទៀត! អាមេរិកនឹងតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ នៅសប្ដាហ៍នេះ

image

អាមេរិក៖ វ៉ាក់សាំង COVID-19 របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំងដំបូង ដែលនឹងចាប់ផ្ដើមការតេស្ដសាកល្បងដំណាក់កាលទី៣នៅសប្តាហ៍នេះ។

បើតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា វ៉ាក់សាំងនេះ ផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៅវិទ្យាស្ថានសុខាភិបាលជាតិ និងក្រុមហ៊ុន Moderna។ វ៉ាក់សាំងនេះ គេប្រើប្រាស់ mRNA ដែលជាម៉ូលេគុលកោសិកាប្រើក្នុងការផលិតប្រូតេអ៊ីន។

ក្នុងករណីនេះ ប្រូតេអ៊ីន គឺត្រូវការដើម្បីផលិតសំបកស្រួចរបស់វីរុសកូរ៉ូណាដែលវីរុសប្រើប្រាស់ក្នុងការចម្លងទៅក្នុងកោសិកាមនុស្ស។ វ៉ាក់សាំងខាងនេះ នឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សមានការឆ្លើយតបលឿនជាងមុននៅពេលឆ្លងវីរុសCOVID-19 ដំបូង។

លទ្ធផលការសិក្សានៅដំណាក់កាលទី១ បានចេញផ្សាយក្នុង New England Journal of Medicine កាលពីពាក់កណ្ដាលខែកក្កដា បានឲ្យដឹងថាវ៉ាក់សាំងនេះភ្ញោចការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់អ្នកដែលបានទទួលវ៉ាក់សាំង។

គេបែងចែកអ្នកទទួលវ៉ាក់សាំងជា ៣ក្រុមគឺក្រុមទទួលបានវ៉ាក់សាំងក្នុងកម្រិតខ្ពស់ មធ្យម និងតិច ហើយក្រុមទទួលបានវ៉ាក់សាំងកាន់តែច្រើន ប្រព័ន្ធភាពស៊ាំមានការឆ្លើយតបកាន់តែខ្ពស់។

ជាងពាក់កណ្ដាលនៃអ្នកចូលរួមមានផលប៉ះពាល់ដោយសារវ៉ាក់សាំង ដូចជាអស់កម្លាំង គ្រុនរងា ឈឺក្បាល ឈឺសាច់ដុំ និងឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំង។

ក្រោយពីមានលទ្ធផលវិជ្ជមានវ៉ាក់សាំងនេះនឹងចាប់ផ្ដើមដំណាក់កាលទី៣ដោយមានអ្នកស្ម័គ្រចិត្ត៣ម៉ឺននាក់ដើម្បីតេស្ដមើលថាតើវ៉ាក់សាំងនេះអាចការពារមនុស្សពីវីរុសកូរ៉ូណាឬយ៉ាងណា។ ការតេស្ដសាកល្បងដំណាក់កាលទី៣នឹងចាក់វ៉ាក់សាំងក្នុងកម្រិតមធ្យម ១០០មីក្រូក្រាម។

យោងតាមអង្គការសុខភាពពិភពលោក បច្ចុប្បន្នមានវ៉ាក់សាំងចំនួន ២៥កំពុងស្ថិតនៅការតេស្ដសាកល្បងលើមនុស្សជុំវិញពិភពលោក៕

ប្រភព៖ www.hellokrupet.com



ព័ត៌មានទាក់ទង...