ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ចេញផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដើម្បីអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល

image

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងស្នូល ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០, សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងសហការ និងជាកម្លាំងស្នូល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើទំនើបកម្មក្នុងរូបភាព២យ៉ាង រួមមាន៖

ទី១-ការពង្រឹងសមត្ថភាពអង្គភាពបណ្តុះបណ្តាលទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាល ឱ្យស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង បច្ចុប្បន្នភាពនៃសភាពការណ៍សន្តិសុខសង្គម ការកើតឡើងនូវបទល្មើសថ្មីៗ ការរីកចម្រើននៃបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ទី២-ការបំពាក់សម្ភារឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ។
បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ការធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិ គឺត្រូវផ្ដើមចេញពីការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលនេះឯង ព្រោះថាក្នុងសម័យទំនើបនេះ មន្រ្តីនគរបាល ក្របខណ្ឌថ្មីមិនអាចទៅបំពេញការងារដោយមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាលនោះទេ ពោលគឺមានលក្ខណៈខុសគ្នាពីសម័យកាលក្រោយរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលកាលនោះ មន្រ្តីនគរបាលក្របខណ្ឌថ្មី ពេលជ្រើសរើសរួចអនុញ្ញាតឲ្យចូលបម្រើការងារតែម្ដង៕


ព័ត៌មានទាក់ទង...