ព័ត៌មានជាតិ

ឧបករណ៍ហាត់ប្រាណ២០ប្រភេទត្រូវបានអាជ្ញាធរស្រុកព្រៃនប់ ដំឡើងដើម្បីសោភណភាពនិងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន

image

អត្ថបទ៖ ប៉ៃ សុខឃីម (សង្គម)

ព្រះសីហនុ៖ ឧបករណ៍ហាត់ប្រាណចំនួន២០ប្រភេទត្រូវបានយកមកបំពាក់នៅរង្វង់មូលសួនច្បារវាលរេញ សម្រាប់ជូនប្រជាពលរដ្ឋគ្រប់វ័យហាត់ប្រាណដើម្បីសុខភាព ដែលកន្លងមកនៅចណុចនេះភាគច្រើនឃើញពលរដ្ឋលោកហាត់ប្រាណតាមលក្ខណៈរត់ ដើរដោយពុំមានសម្ភារហាត់ឡើយ ហើយទាំងនេះគឺជាអ្វីដែលពលរដ្ឋត្រូវការ ព្រោះថាក្រៅតែមកពីប្រកបរបរប្រចាំថ្ងៃ សុខភាពគឺជាភាពចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ឱ្យដឹងថា ដើម្បី ឆ្លើយតបទៅនឹងសកម្មភាពប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងសុខភាព ក្រៅពីអប់រំបញ្ហារក្សាអនាម័យ ការហាត់ប្រាណនេះក៏ជាតម្រូវការចាំបាច់សម្រាប់សុខភាពលរដ្ឋទូទៅ ដែលជាក់ស្តែងកន្លងមក ពលរដ្ឋមួយចំនួននិងជាប្រចាំ លោកបានមកហាត់ប្រាណ នៅបរិវេណសួនច្បារ រង្វង់មូលផ្លូវបំបែកតាមបណ្ដោយផ្លូវជាតិលេខ៤ និង តាមផ្លូវជាតិលេខ៣ ក្នុងស្រុកព្រៃនប់ គឺ ជាទូទៅ តាមរយៈ ការដើរ រត់ នៅតាមសួនច្បារ និងតាមទីធ្លាមួយចំនួនទៀត។

លោកអភិបាលបានបន្តថាដោយពិនិត្យឃើញមានសកម្មភាព របស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ យុវជនយុវនារីនៅក្នុងស្រុកព្រៃនប់ពួកគាត់បានយកចិត្តទុកដាក់ក្នុងការហាត់ប្រាណ ដើម្បីសុខភាពរបស់គាត់ ដូចនេះហើយ ក្នុងនាមលោកជាអភិបាលស្រុក បាន កៀរគររកសប្បុរសជនជួយជាសម្ភារហាត់ប្រាណបានចំនួន២០ប្រភេទ យកមក ដាក់នៅទីប្រជុំជនចំណុចរង្វង់មូលសួនច្បារជូនពលរដ្ឋគ្រប់វៃសម្រាប់ ហាត់ប្រាណ ដើម្បីសុខភាពមានភាពងាយស្រួល ក្រោយពីសម្រាក់ពីប្រកបរបរផ្សេងៗ នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងការភិវឌ្ឍជាជំហានៗ របស់ស្រុកព្រៃនប់ ហើយការហាត់ដើម្បីសុខភាព ដែលបច្ចុប្បន្នពលរដ្ឋជាច្រើនបាននិងកំពុងត្រូវការជាចាំបាច់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋអបអរសាទរ និងថ្លែងអំណរគុណចំពោះលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ដែលបានបន្តការអភិវឌ្ឍក្នុងមូលដ្ឋាន ក្នុងការរៀបចំឱ្យមានសោភណភាពនិងបរិស្ថានល្អ យល់សុខទុក្ខពីសុខភាពពលរដ្ឋបានដាក់ឧបករណ៍ហាត់ប្រាណ ជូន ដែលកន្លងមកទីនេះមិនមាន ឧបករណ៍ ហាត់ដោយ ដើរ រត់ ដោយខ្លួនឯង នៅទីធ្លាសួននេះនិងទីតាំងដែលទូលាយមានសោភណភាពដូចជាផ្លូវបេតុងក្នុងសាលាស្រុក និងបរិវេណនៅក្នុងទីធ្លាវិទ្យាល័យហ៊ុន សែនវាលរេញ។

ដូចនេះទន្ទឹមនឹងមានឧបករណ៍សម្ភារហាត់ប្រាណនៅក្នុងសួនច្បារស្រុកព្រៃនប់នេះអាជ្ញាធរសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយយកចិត្តទុកដាក់ក្នុងការថែរក្សាឧបករណ៍និងថែរក្សាអនាម័យបរិស្ថាននៅជុំវិញសួនច្បារ ធ្វើយ៉ាងណាឱ្យសួនច្បារមានសោភណភាពនិងបរិស្ថានល្អ៕