ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ហាមមន្រ្តីក្នុងខេត្តកុំឲ្យយកអ្វីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទៅបម្រើក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

image

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ដែលមានចំណារដោយ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានប្រកាសដល់អាជ្ញាធរស្រុក-ក្រុងទាំង ៩ រួមទាំងបណ្តាមន្ទីរ អង្គភាពក្នុងខេត្ត ហាមយកថវិកា សម្ភារ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ បម្រើឲ្យបុព្វហេតុនៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តរតនគិរី ដែលបានប្រកាសកាលពីថ្មីៗនេះថា ដើម្បីចូលរួមធានាឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស រដ្ឋបាលខេត្តសូមធ្វើការហាមដាច់ខាតសាលាក្រុង ស្រុក មន្ទីរ អង្គភាព ដែលជាស្ថាប័នរដ្ឋ ត្រូវអនុវត្តន៍តាមគោលការណ៍នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថាយោងតាមការឲ្យដឹងពី លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី ដែលបានថ្លែងប្រាប់ CNC ​ថា សម្រាប់ខេត្តរតនគិរី មានគណបក្សនយោបាយចំនួន ១១ ដែលមកពីគណបក្សផ្សេងៗគ្នា នឹងចូលខ្លួនចូលរួមឃោសនារកសំឡេងឆ្នោត ក្នុងឱកាសយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ៕

អត្ថបទ៖ ប៉េស សារី ភ្នាក់ងារ CNC

ព័ត៌មានទាក់ទង...