ក្រសួងពាណិជ្ជកម្ម កំណត់ឱ្យមានការសរសេរជាអក្សខ្មែរ “បំបៅកូនដោយទឹកដោះម្តាយ” លើគ្រប់ផលិតផលចិញ្ចឹមទារក និងកុមារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបានជូនដំណឹងដល់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅក្នុងប្រទេសកម្ពុជា ដោយរបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ ជាពិសេសពាក្យថា “គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើស”។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ដោយសារក្នុងងរយៈពេលកន្លងមកនេះ បានសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ ១) និងប្រកាសរួមលេខ ០៦១ សនរប ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៧ ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដោយមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួននៅឡើយ។ ម្យ៉ាងវិញទៀត ដើម្បីជាការលើកទឹកចិត្តឱ្យមានការបំបៅកូនដោយទឹកដោះម្តាយ និងការធ្វើពាណិជ្ជកម្មដោយសុច្ចរិតនៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានដាក់កំហិតថា ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ប្រសិនបើមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត នៃអនុក្រឹត្យលេខ ១៣៣ និងប្រកាសរួមលេខ ០៦១ សនរប មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង៕

ដោយ៖ គង់ ប៊ុនណា



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation