ព័ត៌មានជាតិ

ចម្លាក់អណ្ដើកថ្មដែលប្រទះឃើញកប់នៅប្រាសាទស្រះស្រង់កណ្ដាល ត្រូវបានជំនួសដោយចម្លាក់ថ្មីវិញ

image

សៀមរាប៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើការបញ្ចុះអណ្ដើកថ្មថ្មីមួយគូ ក្នុងគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ជំនួសចម្លាក់អណ្ដើកចាស់ ដើម្បីយកចម្លាក់អណ្ដើកថ្មចាស់ ទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមព្រះសីហនុអង្គរ សម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ នេះបើយោងតាមលោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីបញ្ចុះអណ្ដើកថ្មថ្មី ឱ្យស្របតាមអណ្ដើកចាស់ និងតាមប្រពៃណីបុរាណ ហើយសត្វអណ្ដើកមួយគូថ្មីនេះ បានចម្លងថ្មីពីសត្វអណ្ដើកថ្មចាស់ ដែលអ្នកជំនាញបុរាណវិទ្យា ប្រទះឃើញកប់ក្រោមគ្រឹះប្រាសាទរាប់រយឆ្នាំកន្លងមកហើយ ក្នុងពេលដែលកំពុងធ្វើកំណាយ ដើម្បីជួសជុលប្រាសាទកណ្ដាលនោះឡើងវិញ ឱ្យដូចទម្រង់ដើម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ។

គួររំឭកថា កាលពីចុងខែមេសា ឆ្នាំ២០២០នេះ អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសត្វអណ្ដើកធ្វើអំពីថ្មភក់មួយគូ និងវត្ថុបុរាណជាច្រើន បានកប់នៅគ្រឹះប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះមាន គ្រាប់ខ្វាតពណ៌សជាច្រើនរយគ្រាប់ , ចម្លាក់អណ្ដើកថ្មភក់ចំនួន០២ក្បាល, រូបចម្លាក់ក្បាលនាគ រួមនឹងត្រីសូល៍ចំនួនពីរ ដែលមួយមានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែកមួយ ព្រមទាំងឃើញសំណង់ឈើកប់ នៅគ្រឹះប្រាសាទកណ្ដាលផងដែរ៕

អត្ថបទ៖ លាភ


ព័ត៌មានទាក់ទង...