ព័ត៌មានជាតិ

ច្បាស់ហើយ ស្រ្តីខ្មែរអាមេរិកកាំង ដែលលួចរត់ចេញពីកន្លែងចត្តាឡីស័ក មិនមានមេរោគជំងឹកូវីដ១៩ទេ

image

ភ្នំពេញ៖ ស្ត្រីខ្មែរអាមេរិកាំង ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ, នៅថ្ងៃនេះ ត្រូវបានមន្ត្រីសុខាភិបាល បញ្ជាក់ថា មិនមានផ្ទុកជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។

បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុក ស្ត្រីរូបនេះ នឹងត្រូវអនុញ្ញាតឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។
សូមរំលឹកថា ស្ត្រីឈ្មោះ រ៉ូស វីរា នេះ កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មកអាជ្ញាធរ បានរកឃើញស្ត្រីរូបនេះ សម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីនៅខេត្តកំពង់ចាមតែម្តង។

ស្ត្រីសញ្ជាតិខ្មែរ-អាមេរិករូបនេះ ក៏បានយល់ព្រមបង់ពិន័យអន្តរការណ៍ចំនួន១លានរៀល និងសន្យាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងក្រុងកំពង់ចាម។ ការពិន័យ ធ្វើឡើងដោយយោងទៅតាមអនុក្រឹត្យឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅតាមច្រកចេញចូលអន្តរជាតិ៕