ព័ត៌មានជាតិ

រោងចក្រផលិតអគ្គិសនី ៤០០មេហ្គាវ៉ាត់ ដើរដោយប្រេងខ្មៅ និងឧស្ម័ន នៅស្រុកល្វាឯម សាងសង់ បាន ៩០%ហើយ

image

កណ្តាល៖ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់ ដើរដោយប្រេងខ្មៅ និងឧស្មន័ និងអនុស្ថានីយអគ្គិសនី មួយកន្លែងទៀត មានកម្លាំង២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល សំរេចការសាងសង បានប្រមាណ ៩០%ហើយ គ្រោងនិងដាក់ឱ្យដំណើការនៅចុងខែសីហាឆ្នាំ២០២០ ខាងមុខនេះ។

នៅថ្ងៃទី២៩ ខែកក្កដា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានទៅចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់រោងចក្រអគ្គីសនី ដើរដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត កម្លាំង ២៣០គីឡូវ៉ុល។

រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់នេះ ចំណាយថវិកាសាងសង់ប្រមាណ ៣៥០លានដុល្លារ ក្នុងនោះ រាជរដ្ឋាភិបាល បានបញ្ជាទិញម៉ាស៊ីនភ្លើង កម្លាំង២០០មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ចំណាយទឹកប្រាក់ក្នុងរង្វង់ ១៧៧,៥លានដុល្លារ និងបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ មានអនុភាព២០០មេហ្គាវ៉ាត់ ចំណាយទឹកប្រាក់ក្នុងរង្វង់ ១៨០លានដុល្លារអាមេរិក ហើយម៉ាស៊ីនទាំង២នេះ សាងសង់លើផ្ទៃដីទំហំ ៤៣ហិកតា ចែកចេញជា ២អគារ ដោយឡែកពីគ្នា ដែលសាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION។

លោក កែវ រតនៈ បានឱ្យដឹងដែរថា ក្រោយពេលរោងចក្រអគ្គីសនីដ៏ធំ និងថ្មីសន្លាងមួយនេះ បានដំណើរការ កម្ពុជា នឹងមានថាមពលអគ្គិសនី គ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់ដល់រាជធានីភ្នំពេញនិងមួយផ្នែកទៀត សំរាប់ផ្គត់ផ្គង់ដល់ខេត្តកណ្តាល។

លោក កែវ រតនៈ បានបញ្ជាក់ថា សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសទឹកដីភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុត សម្រាប់សាងសង់រោងចក្រអគ្គីសនីនេះឡើង ដោយចាប់ដំណើរការសាងសង់ តាំងពីដើមខែតុលាឆ្នាំ២០១៩មកម៉េ្លះ៕

ព័ត៌មានទាក់ទង...