ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការសម្អាតបរិស្ថាន និងបំបាត់ជម្រកមូសខ្លា ក្រោយការផ្ទុះឡើងនូវជំងឺគ្រុនឈីក

image

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបំផុសដល់ពលរដ្ឋនៅទូទាំងខេត្ត ឱ្យចូលរួមទាំងអស់គ្នាបន្តធ្វើអនាម័យសម្អាតបរិស្ថាន និងលុបបំបាត់ជម្រកមូសខ្លាដើម្បី បង្ការទប់ស្កាត់ជំងឺគ្រុនឈីក( Chikunngunya) និងជំងឺគ្រុនឈាម។

ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈីក ( Chikunngunya) និងជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋានស្រុកភ្នំស្រុក ដោយបានចុះដាក់ថ្នាំអាប៊ែត ចែកមុងជ្រលក់ថ្នាំ តាមខ្នងផ្ទះប្រជាពលរដ្ឋ និងបានចូលរួមធ្វើអនាម័យការសំអាតបរិស្ថានតាមទីសាធារណៈ ផ្ទះសម្បែងប្រជាពលរដ្ឋដើម្បីលុបបំបាត់ជម្រកមូសខ្លា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សព្វថ្ងៃនេះ ក្រុមការងារ បាន និងកំពុងបន្តបើកយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយតាមរយៈរថយន្តចល័ត ការដាក់ថ្នាំអាបែតក្នុងអាង និងពាងទឹក នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងការធ្វើអនាម័យសំអាតបរិស្ថានបំបាត់ជម្រកមូសខ្លា និងបន្តធ្វើយុទ្ធនាការ នៅតាមបណ្តាស្រុកមួយចំនួនទៀត ដែលមានការផ្ទុះជំងឺគ្រុនឈាម និងគ្រុនឈីកផងដែរ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់មន្ត្រីសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ឱ្យបន្តការខិតខំចុះស្រាវជ្រាវ និងអន្តរាគមន៍រាល់បញ្ហាសុខភាពដែលអាចកើតឡើងជាយថាហេតុ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។

លោក អ៊ុំ រាត្រី ក៏បានរម្លឹកពលរដ្ឋ បើសង្ស័យថា កូនមាន អាការៈរោគ ដូចជាក្តៅខ្លួនខ្លាំងលើស២ថ្ងៃ មានកន្ទួលក្រហមលើស្បែក ឈឺពោះ និងឈឺខ្លួនប្រាណ ត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ដើម្បីជួយសង្គ្រោះជាបន្ទាន់៕



ព័ត៌មានទាក់ទង...