ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ សម្រេចទម្លាក់អត្រាការប្រាក់ត្រឹម ៥ភាគរយ សម្រាប់កម្ចីក្នុងវិស័យកសិកម្មតូចតាច
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានសម្រេចទម្លាក់អត្រាការប្រាក់ឱ្យកាន់តែទាបសម្រាប់វិស័យកសិកម្ម ដើម្បីឲ្យម្ចាស់កសិដ្ឋាន មានលទ្ធភាពខ្ចីទុនបង្វិលសម្រាប់ពង្រីកអាជីវកម្ម ឬយកទៅដោះស្រាយក្នុងមុខរបររបស់ខ្លួន ក្នុងស្ថានភាពកំពុងជួបវិបត្តិជំងឺកូវីដ១៩។

ការទម្លាក់ការប្រាក់នេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីគាំទ្រដល់ប្រជាកសិករ ប្រជាសហគមន៍ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កសិករក្នុងវិស័យកសិកម្មតូចតាចតាមគ្រួសារ សហគមន៍ អាចខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងអត្រាការប្រាក់ត្រឹមតែ ៥ភាគរយ ក្នុងរយៈពេល២ឆ្នាំសម្រាប់ទុនបង្វិល ហើយការសងមានរយៈពេលរហូតដល់៧ឆ្នាំ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅពេលជួបវិបត្តិកូវីដ១៩។

ពាក់ព័ន្ធនឹងទ្រព្យធានាឥណទាន ធនាគារនេះ នឹងផ្តល់ជូនរហូតដល់ ៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដី និងអាគារ) ជាដើម ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងពេលមានវិបត្តិនេះ។

កាលពីពេលកន្លងមក ក្នុងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើកទី២ និងលើកទី៣ គឺអត្រាការប្រាក់កំណត់នៅក្នុងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺ ៦ភាគរយ ក្នុងមួយឆ្នាំ បន្ទាប់មកទៀត ៦,៥ភាគរយ ក្នុងមួយឆ្នាំ។

អត្រាការប្រាក់កម្ចី ៥ភាគរយនេះសម្រាប់ប្រព័ន្ធធនាគារ មិនចំណេញទេ តែដោយសារតែរាជរដ្ឋាភិបាលមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម។ បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ មានការដាក់ពាក្យស្នើសុំកម្ចីក្នុងទំហំជាង ៤៥លានដុល្លារ ដែលមានប្រមាណ ៤៥០ សហគ្រាស ប៉ុន្តែក្នុងនោះបានធ្វើការផ្តល់កម្ចីបានតែជាង ១០លានដុល្លារទេ ស្មើនឹងជាង ១០០សហគ្រាស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation