ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ចាត់ទុកគ្រប់សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា ដែលមិនបានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរ គឺជាទង្វើខុសច្បាប់

image

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ សីហានេះ បានចេញសេចក្ដីណែនាំមួយច្បាប់ ចំពោះសកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដី។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយច្បាប់ ដោយបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញមានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ា ទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន នៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច។

សេចក្ដីណែនាំដដែលបានបន្ថែមថា សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ាខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រង់មាត្រា៥ ដែលបានចែងថា "ក្រុមបុគ្គលណា ដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ៖”។ 

ទន្ទឹមនឹងនេះ សកម្មភាពជួបជុំប្រមូលផ្ដុំ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ -១៩ បានអនុវត្តផ្ទុយអំពីវិធានការនានា របស់អង្គការសុខភាពពិភពលោក (WHO), គោលការណ៍សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្ នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។ 

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំថា រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើ បាតុកម្មដោយសន្តិវិធី និងស្របតាមវិធានការណែនាំនានា ស្តីពីការបង្ការទប់ស្កាត់ការរីករាលដាលការចម្លងវីរុស កូវីដ-១៩។

រាល់សកម្មភាពជួបជុំប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕អត្ថបទ៖ ម៉ៅ នរិទ្ធីយ៉ា