ព័ត៌មានជាតិ

ឧកញ៉ា សង ថន ត្រូវបាននាំខ្លួនមកតុលាការ ដើម្បីសាកសួរបន្ថែមលើបទល្មើសចំនួន ៤ផ្សេងៗគ្នា ករណីទិញលក់ដីរដ្ឋ នៅស្រុកគាស់ក្រឡ

image

ភ្នំពេញ៖ ឧកញ៉ា សង ថន ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីពន្ធនាគារ ទៅតុលាការ នៅថ្ងៃទី៣ ខែសីហា ដើម្បីសាកសួរ លើសំណុំរឿងចំនួន៤បន្ថែមទៀត។
បើតាមការចេញផ្សាយ លោកឧកញ៉ា សង ថន ត្រូវបានសាកសួរដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មុននឹងឈានទៅដល់ការជំនុំជម្រះលើកអង្គសេចក្តី ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

ជនជាប់ចោទ ឧកញ៉ា សង ថន ដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទចំនួន ៤បទល្មើស រួមមានគឺទី១. បទប្រើប្រាស់ឯកសារសាធារណៈក្លែង ទី២.បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា ទី៣. បទគៃបំបាត់ដោយទុច្ចរិត និងទី៤. បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ឧកញ៉ា សង ថង ត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ រួមជាមួយជនជាប់ចោទម្នាក់ទៀត ឈ្មោះ ស៊ូ អារ៉ាហ្វាត់ ជាអតីតអភិបាលរងខេត្តបាត់ដំបង ដោយជាប់ចោទពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ការឃាត់ខ្លួនជនទាំងពីរនាក់នេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ។ ឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕

ព័ត៌មានទាក់ទង...