ព័ត៌មានជាតិ

យ៉ាងហោចណាស់ផ្ទះចំនួន ៨០ខ្នង រងគ្រោះដោយសារឥទ្ធិពលខ្យល់ និងភ្លៀងនៅខេត្តកែប

image

កែប៖ អភិបាលខេត្តកែប បានអះអាងថា គិតនៅត្រឹមព្រឹកថ្ងៃទី ៤ខែសីហានេះ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន ៨០ខ្នង បានរងគ្រោះដោយខ្យល់កន្ត្រាក់ និងលាយឡំជាមួយភ្លៀង។ ជាមួយគ្នានេះក៏មានផ្ទះប្រជាពលរដ្ឋចំនួន ៥គ្រួសារជន់លិចដែរ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ។

នៅថ្ងៃអង្គារនេះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រី និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត មកជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន ៣ខ្នងស្ថិតនៅ ភូមិអូរដូងចំនួន ២គ្រួសារ ភូមិរនេស ១គ្រួសារ ក្នុងឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ហើយបានប្រគល់សម្ភារៈ និងថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលបន្ទុកពួកគាត់ក្នុងគ្រាអាសន្ននេះ។

បន្ថែមពីនេះ លោក ក៏បានចុះទៅផ្ទាល់នៅទីតាំងផ្ទះដែលជួបបញ្ហា ជន់លិចទាំង ៥គ្រួសារ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៣A ហើយក៏បានរកដំណោះស្រាយជូនពួកគាត់រួចហើយដែរ។

ដោយឡែកចំពោះបញ្ហាប្រជានេសាទវិញ លោកអភិបាលខេត្តបានណែនាំដល់អ្នកនេសាទ ឱ្យផ្អាកការនេសាទបណ្តោះអាសន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ ហើយលោកក៏បានណែនាំដល់កងកម្លាំងអង្គភាព ដែលទទួលខុសត្រូវនៅលើផ្ទៃទឹក ធ្វើយ៉ាងណាត្រៀមលក្ខណៈឱ្យបានរៀបរយ ដើម្បីបម្រុងបង្ការគ្រោះថ្នាក់ផ្សេងៗ ហើយបើក្នុងករណីចាំបាច់នឹងផ្អាកការចរាចរណ៍នៅលើផ្ទៃទឹកសមុទ្រតែម្តង៕អត្ថបទ៖ ង៉ុង សាន់


ព័ត៌មានទាក់ទង...