ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ក្រើនរំឭកពលរដ្ឋដល់ខ្នងផ្ទះ ពីវិធានបង្ការជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺលីកា

image

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម  សហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើយុទ្ធនាការ ផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតតាមទីផ្សារធារណៈនិងតាមខ្នងផ្ទះ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែ សីហា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលមានប្រសាសន៍ថា  យុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម, គ្រុនឈីកនិងជំងឺលីកា ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ដោយការដាក់អាបែតឱ្យគ្រប់ខ្នងផ្ទះ មានប្រើ ខិត្តប័ណ្ណ និងបដា ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា ១. សូមចូលរួមកម្ចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសម្បែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវលាងសម្អាតសម្ភារ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឱ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឱ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។ ២. ត្រូវកម្ចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារ ក្នុងផ្ទះសម្បែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់គុម្ពោតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។ ៣. ត្រូវការពារខ្លួន កុំឱ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសម្រាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ៤. បច្ចុប្បន្នករណីជំងឺគ្រុនឈាមចម្លងបងប្អូន ប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ត្រូវរួសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ៕​អត្ថបទ៖ ​យ៉ង សុភា 

ព័ត៌មានទាក់ទង...