ព័ត៌មានជាតិ

ធនាគារឯកជន ៤ បានស្នើសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាសម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ

image

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំស្ដីពីសំណើសុំកិច្ចសហការផ្តល់សេវាធនាគារ សម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ។
បើតាមសម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កន្លងមក ធនាគារឯកជនចំនួន ៤ បានស្នើសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាធនាគារមួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ហើយសម្រាប់សំណើសុំកិច្ចសហការនេះ សម្ដេច ក៏បានចាត់ចែងឱ្យនាយកដ្ឋានពាក់ព័ន្ធធ្វើការសិក្សា និងរៀបចំក្រុមការងារដើម្បីពិភាក្សាជាមួយធនាគារដៃគូរទាំងនោះ។

ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាបន្ថែមពីប្រព័ន្ធប្រតិបត្តិការរបស់ធនាគារនីមួយៗឲ្យកាន់តែច្បាស់លាស់ ហើយបន្តស្វែងយល់ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីសំណើសុំកិច្ចសហប្រតិបត្តិការរបស់ធនាគារឯកជនចំនួន៤ ដែលមានកម្មវត្ថុផ្សេងៗគ្នា។ ក្នុងនោះ លោក បានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានសហការជាមួយក្រុមបច្ចេកទេស និងធនាគារដែលបានស្នើនោះ ដើម្បីសិក្សាលើកិច្ចការងារនេះ និងបានបង្កើតក្រុមការងារក្នុងការអនុវត្តការងារពាក់ព័ន្ធនានា និងចូលរួមកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធ និងតំណាងធនាគារ ដើម្បីរកវិធីសាស្ត្រអនុវត្តឲ្យបានសមស្រប៕ព័ត៌មានទាក់ទង...