ព័ត៌មានជាតិ

កម្ពុជា-អូស្រ្តាលី បន្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន និងបណ្តុះបណ្តាលធនធានមនុស្ស

image

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹងលោក អាន់តូនី ម៉ាខ្វៃ (Anthny Maguire) តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP អមស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមសហប្រតិបត្តិលើការងារបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងពីភាពជោគជ័យជាបន្តបន្ទាប់នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់កម្ពុជា ដែលមិនមែនជាសង្រ្គាមប្រឆាំងគ្រឿងញៀន តែជាការប្រមូលផ្តុំនូវកម្លាំងសរុប ធ្វើការដោះស្រាយបញ្ហាគ្រឿងញៀន។

លោកបានបញ្ជាក់ថា រាល់ការបង្រ្កាបបទល្មើសគ្រឿងញៀន ត្រូវអនុវត្តស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហើយជនប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះ ត្រូវបានលើកទឹកចិត្ត ឱ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលក្រសួងសុខាភិបាលបានបំពាក់សេវាព្យាបាលដោយឥតគិតថ្លៃ ចំនួន ៤៥០កន្លែង។

ក្នុងជំនួប នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានស្នើសុំឱ្យភាគីអូស្រ្តាលី បន្តជួយដល់កម្ពុជាលើការងារកិច្ចសហប្រតិបត្តិការដែលមានពេលកន្លងមក។
ជាការឆ្លើយតប លោក អាន់តូនី ម៉ាខ្វៃ បានសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបាន ហើយ លោក បានអះអាងថា អូស្ត្រាលី នឹងបន្តជួយដល់កម្ពុជា លើការងារបណ្តុះបណ្តាលធនធានមនុស្សជំនាញស៊ើបអង្កេត ចារកម្ម និងការវិភាគព័ត៌មាន និងបន្តការគាំទ្រសកម្មភាពការិយាល័យទំនាក់ទំនងព្រំដែន BLO និងពិសោធន៍គ្រឿងញៀន៕



ព័ត៌មានទាក់ទង...