ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យមានការកែលម្អ និងពង្រឹងបន្ថែម លើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

image

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឱ្យមានការកែលម្អ និងពង្រឹងបន្ថែម ដើម្បីឱ្យកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន។

ការជំរុញនេះ បានធ្វើឡើងខណៈដែលសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៦ ខែកក្កដានេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ថា “យើង នឹងពិនិត្យពិភាក្សាលើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ដើម្បីឱ្យកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា”។

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យក្រុមការងារអនុវត្តនច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ជៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា ដែលនាំឲ្យប្រឈមនឹងការដាក់ទោសទណ្ឌជាយថាហេតុ។

សូមជម្រាបថា យោងតាមរបាយការណ៍ បានដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត បានបន្តសកម្មភាពរបស់ខ្លួនទៅតាមទិសដៅគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពាក់ព័ន្ធនឹងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងបន្ថែមដោយវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩។

ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារ ផ្ដោតការយកចិត្តទុកដាក់បន្តែមទៅលើបញ្ហាវិបត្តិកូវីដ-១៩ ដែលជាភាពប្រឈមថ្មី និងដែលជះឥទ្ធិពលដល់ការអនុវត្តសកម្មភាពគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ និងត្រូវបន្ថែមភារកិច្ចក្នុងការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់ លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលត្រឡប់ពីប្រទេសក្រៅ ដែលមានចំនួនច្រើនលើសលប់ និងភាគច្រើនជាអ្នកដែលខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព ហើយងាយរងគ្រោះ។

ជាមួយគ្នានេះ អាជ្ញាធរ សមត្ថកិច្ច និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ និងអង្គការដៃគូ បានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាល ផ្ដល់អាហារ ត្រៀមមធ្យោបាយដឹកជញ្ជូន ឲ្យបានដល់លំនៅដ្ឋាន។

ក្រៅពីនេះ ក៏បានបន្តតាមដានស្ថានភាពសុខភាព ជីវភាព និងផ្ដល់សេវាតាមតម្រូវការផ្សេងៗ និងបន្តតាមដានស្ថានភាព នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ៕

ព័ត៌មានទាក់ទង...