៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មូសខ្លាជាភ្នាក់ងារចម្លងជំងឺច្រើនមុខ ពិសេសគឺជំងឺគ្រុនឈាម និងគ្រុនឈីក។ បើតាមអង្គការសុខភាពពិភពលោក (WHO) មូសខ្លាចេញខាំញឹកញាប់បំផុតនៅពេលថ្ងៃ ហើយវាចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ម៉ែត្រ ពីទីកន្លែងកកើត។ តើមូសខ្លាចូលចិត្តធ្វើជម្រកនៅកន្លែងណាខ្លះ? ធ្វើម៉េចដើម្បីឲ្យការបំបាត់ជម្រកមូសខ្លាមានប្រសិទ្ធភាពខ្ពស់?

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល រួមជាមួយអង្គការដៃគូ បានធ្វើការសិក្សាទៅលើស្ថានភាពនៃការកកើតមូសខ្លា តើមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក ហើយគ្រុនឈីកនេះ មានលទ្ធភាពកើតនៅទីណាច្រើនជាងគេ?

ការសិក្សានោះ បានប្រមូលនូវវត្ថុដក់ទឹកដែលជាជម្រកមូសខ្លា មកសិក្សា ដែលលទ្ធផលនៃការវិភាគ និងសិក្សានោះបានបញ្ជាក់ថា ចំនួន ៦៦% នៃការកកើតមូសខ្លាកើតចេញពីជម្រកសត្វមូសនៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកំប៉ុង ត្រឡោកដូង ចានស្នោរ ពិសេសសំបកកង់ឡាន ចាន និងប្រដាប់ប្រដាផ្សេងដែលប្រជាពលរដ្ឋប្រើសម្រាប់ដាក់ទឹក និងចំណីឲ្យសត្វ។ ឯលទ្ធភាពនៃការកកើតមូសខ្លាពីក្នុងពាងទឹក និងអាងទឹក មានតែ ៣០% ប៉ុណ្ណោះ។

លោកស្រី បានបន្តថា តួលេខខាងលើនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ការអន្តរាគមន៍បំបាត់ជម្រកមូសខ្លា ទាមទារចាំបាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញការដាក់ថ្នាំអាបែត នៅក្នុងពាងទឹក និងអាងទឹកគ្រប់ផ្ទះ អាចការពារបានតែ ៣៣% ប៉ុណ្ណោះ, រីឯ ៦៦% ត្រូវមានការចូលរួមពីប្រជាពលរដ្ឋខ្លួននៅតាមមូលដ្ឋាន និងផ្ទះរៀងៗខ្លួន ធ្វើយ៉ាងណាសម្អាតជុំវិញផ្ទះឲ្យបានស្អាត កុំបោះចោលរបស់ដែលអាចដក់ទឹកពាសវាលពាសកាល ត្រូវប្រមូលដុត ឬកប់វត្ថុដែលអាចដក់ទឹកបាន ឯប្រដាប់ប្រដាដាក់ទឹកឲ្យសត្វផឹក ឬស៊ីចំណីនោះ ត្រូវឧស្សាហ៍លាងសម្អាត។

ងាកទៅវិធានការបាញ់ថ្នាំមូសវិញ លោកស្រី អ្នកនាំពាក្យក្រសួងសុខាភិបាលថា មិនមែនជាមធ្យោបាយដ៏ស័ក្តិសិទ្ធដែរ ការបាញ់ថ្នាំមូសនេះសម្រាប់តែករណីរាតត្បាតធំធេង ដើម្បីកាត់ផ្តាច់បានជាបន្ទាន់នូវខ្សែចំណងដែលមូសខាំពីបុគ្គលមួយទៅបុគ្គលមួយប៉ុណ្ណោះ មិនអាចបាញ់ថ្នាំមូសនៅទូទាំងប្រទេសនោះទេ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation