ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នឯករាជ្យ ក្នុងការវាយតម្លៃរឿងទារុណកម្ម

image

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នឯករាជ្យ ក្នុងការវាយតម្លៃ និងត្រួតពិនិត្យទៅលើរឿងទារុណកម្ម ដោយមិនស្ថិតក្រោមការបញ្ជារបស់រាជរដ្ឋាភិបាលឡើយ។

ក្នុងពីធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ, សម្ដេចក្រឡាហោម ស ខេង មានប្រសាស ន៍បន្ថែមថា បើមានអំពើទារុណកម្មណាមួយ គឺគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវតែឆ្លុះបញ្ចាំងការពិត ដោយមិនខ្លាចញញឺត និងមិនស្ថិតនៅក្រោមសម្ពាធណាមួយឡើយ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក៏មិនខុសពីស្ថាប័ន្ធតុលាការដែរ ហើយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវកាត់សេចក្ដីដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមិនលំអៀង ដើម្បីធ្វើយ៉ាងណាឱ្យសង្គមនៅកម្ពុជា មានភាពយុត្តិធម៌”។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ពេលចុះត្រួតពិនិត្យអំពើទារុណកម្មនៅកន្លែងណាមួយ ទោះបីមិនបានជូនដំណឹង ឬជូនដំណឹងហើយក៏ដោយ អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការជាប់ជានិច្ច ជាពិសេស មន្ដ្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវធ្វើយ៉ាងឲ្យមានតម្លាភាពប្រកបដោយវិជ្ជាជីវៈ ឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌៕



ព័ត៌មានទាក់ទង...