ព័ត៌មានជាតិ

ខឹងតាមស្រឡាញ់ម្ចាស់ហាងអត់បាន ដកកាំភ្លើងគំរាម តែត្រូវសមត្ថកិច្ចឃាត់បាន២នាក់ ក្នុងនោះ មានផ្កាយ១នគរបាលម្នាក់

image

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយវត្ថុតាងកាំភ្លើងខ្លី ១ដើម បន្ទាប់ពីបានធ្វើសកម្មភាពប្រើប្រាស់កាំភ្លើងគម្រាមបាញ់ស្រ្តីម្នាក់ ដែលជាម្ចាស់ហាង ផ្អើលភ្ញៀវផឹកស៊ី រត់ចែកជើងគ្នា កាលពីវេលា ម៉ោង១:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។ ករណីនេះកើតឡើងនៅផ្លូវ១៦៣ ចំណុចហាងផឹកស៊ី យីហោវិមានព្រិល សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ស្លៀកពាក់ស៊ីវិល ក្នុងនោះមាន លោកឧត្តមសេនីយ៍ត្រីម្នាក់ បានជិះរថយន្តម៉ាកឡិចស៊ីស ៣៣០ ពណ៌ទឹកប្រាក់ បានចូលផឹកស៊ីនៅហាងកើតហេតុ ហើយគេឃើញបុរសនោះ ស្រវឹងស្រឿងៗ បានលេបខាយសម្ដីស្នេហាជាមួយម្ចាស់ហាង។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែផ្ទុះហិង្សា ជាមួយម្ចាស់ហាងមួយប្រាវ រួចមកបើករថយន្តចេញបាត់ទៅ។

ប្រភពបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែបើករថយន្តមកវិញ ហើយបានដកកាំភ្លើងគំរាមបាញ់ ក៏ត្រូវម្ចាស់ហាងរាយការណ៍ទៅកម្លាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌចំការមន បានទៅដល់កន្លែងភ្លាមៗ ហើយជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់សង្កាត់ច្បារអំពៅ ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្ត និងបុរសម្នាក់ទៀតជាខ្មាន់កាំភ្លើង នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាន បង្ហាញកាតថាខ្លួន ជានគរបាល មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី ឋានៈអនុប្រធាននាយកដ្ឋាន មានទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ ជនសង្ស័យ និងស្រ្តីជាម្ចាស់ហាង តាមនីតិវិធី ៕



ព័ត៌មានទាក់ទង...