
លោកផ្កាយ១ដែលដកកាំភ្លើងនៅកន្លែងផឹកស៉ីត្រួវបានព្រមាន និងដកហូតអាវុធ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ត្រូវបានដកហូតអាវុធនិងអនុវត្តវិន័យរួចហេីយ ករណីបង្ករឿងនៅហាង វិមានព្រិល កាលពីវេលាម៉ោង២៣:៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។
យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាននៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០
បានឱ្យដឹងថា នៅចំពោះមុខក្រុមប្រឹក្សាវិន័យ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានសារភាពទទួលស្គាល់កំហុស ពិតជាបានឈ្លោះប្រកែកគ្នាដោយប្រេីពាក្យសម្តីជាមួយមិត្តភក្តិអំឡុងពេលហូបចុកនោះ ពិតប្រាកដ ប៉ុន្ដែពុំបានប្រេីអាវុធ បាញ់គំរាម ឬ បង្ករបួសស្នាមដល់ម្ចាស់ហាង វិមានព្រិល នោះទេ។
ចំណែករឿងហេតុនេះ ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាដោយជម្រេីសផ្សះផ្សាបញ្ចប់រឿងនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន រួចរាល់ផងដែរ ៕
