ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ឆ្មក់ចុះបង្ក្រាបទីតាំងខារ៉ាអូរខេ យីហោ កាឡាក់សីធូ ក្នុងស្រុកកែវសីមា

image

មណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអធិការនគរបាលស្រុកកែវសីមា នាយប់ថ្ងៃទី១២ ខែសីហា។

ក្នុងការចុះបង្រ្កាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ច បានធ្វើការដកហូតសម្ភារមួយចំនួន យកទៅរក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត។
លោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង បានបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរកឃើញមាននារីបម្រើសេវាក្នុងខារ៉ាអូរខេ កាឡាក់សីធូ ចំនួន ៨នាក់ និងមានអនីតិជនអាយុក្រោម ១៨ ឆ្នាំមួយនាក់ ព្រមទាំងបានរឹបអូសសម្ភារដែលបម្រើឱ្យសេវាខារ៉ាអូខេមួយចំនួន។

លោកស្រី ស្នងកររង បានឱ្យដឹងបន្ថែមថា ស្របពេលដែលជំងឺកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ក្នុងប្រទេសកម្ពុជា គ្រប់សេវាកម្មខារ៉ាអូខេ ក្លិបកម្សាន្តដែលមានការប្រមូលផ្តុំមនុស្សច្រើនទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាព ដើម្បីអនុវត្តទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដានជំងឺកូវីដ១៩ ក្នុងនោះដែរ មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក ចុះបិទបំរាមមិនអនុញ្ញាតឱ្យមានសេវាប្រមូលផ្ដុំនោះទេ៕
ដោយ ៖ នាង ចន្ថា 


ព័ត៌មានទាក់ទង...