ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀនចូលដល់សហគមន៍ ខណៈជំងឺកូវីដ-១៩ មិនទាន់ចូលដល់សហគមន៍ឡើយ

image

ត្បូងឃ្មុំ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដែលបានចូលដល់ក្នុងសហគមន៍ ខណៈជំងឺកូវីដ-១៩ មិនទាន់រីករាលដាលដល់សហគមន៍ឡើយ។

ដូច្នេះ អាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន និងផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ១៩។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “កម្ពុជា មកដល់ពេលនេះ មានជំងឺកូវីដ-១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅ ហើយចំណុចសំខាន់ មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ហើយព្យាបាលបានទៀត”។

សម្ដេចក្រឡាហោម បន្ដថា ជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជនបទឡើយ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ គ្រប់ពេលវេលា។ សម្ដេច បន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលដែនដី ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួន បានរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩។ ទោះបីយ៉ាងណាក៏ដោយ ជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ ដូច្នេះបន្ដទប់ស្កាត់ជំងឺ កូវីដ-១៩បន្ថែមទៀត។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា “បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩ មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្រ្ជាបដល់ជនបទហើយ។

ខ្ញុំបានពិនិត្យរបាយការណ៍ប្រចាំថ្ងៃរបស់ខេត្តទាំងអស់ គឺខ្ញុំកត់សម្គាល់បញ្ហាទាំងប៉ុន្មាននឹងទេ ជាពិសេស បញ្ហាគ្រឿងបញ្ហាចរាចរណ៍»។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀនរាលដាលក្នុងសហគមន៍កាន់តែខ្លាំង នាំឲ្យពិបាកធ្វើទប់ស្កាត់។សម្ដេចថា នាពេលកន្លងមក អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើយ៉ាងច្រើន ផងដែរ។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នៅពេលមិនទាន់រឹតបន្ដឹងច្បាប់ចរាចរណ៍ មានអ្នកស្លាប់ក្នុងមួយថ្ងៃចាប់ពី ៦នាក់ ទៅ៧នាក់ ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍មានស្លាប់ក្នុងមួយថ្ងៃ ២-៣-៤នាក់។ សម្ដេចបន្ថែមថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ មិនអាចលុបបំបាច់ មិនឲ្យមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១០០% បានឡើយ៕