ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តឡើងវិញ មិនសុំពន្យារពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជានិងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ

image



ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តឡើងវិញ គឺមិនសុំពន្យារពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួស នោះទេ ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជាដែលរៀបចំដោយអង្គការសហប្រជាជាតិ ។

យោងតាមហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នេះ, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា "ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិ បានផ្តល់ឱ្យយើងរៀបចំការធ្វើចត្តាឡីស័កបានងាយស្រួល ដើម្បីទប់ស្កាត់ការនាំចូលកូវីដ-១៩ មកក្នុងប្រទេសនោះគឺ ៖ ១.មកពីប្រទេសម៉ាលី ខែកញ្ញា ឆ្នាំ២០២០ ២, ស៊ូដង់ខាងត្បូង ខែតុលា ឆ្នាំ២០២០ ៣.អាហ្រ្វិកកណ្តាល ខែវិច្ឆកា ឆ្នាំ២០២០ , ៤.លីបង់ ខែមករា ឆ្នាំ ២០២១"។

ជាមួយគ្នានេះ សម្តេចតេជោ សូមនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើ រៀបចំខ្លួន ដើម្បីវិលត្រឡប់និងសូមនាយទាហាន នាយទាហានរង និងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា "បើទោះបីកម្ពុជាជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ-១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅ ក៏កំពុងមានការវាយលុកដោយកូវីដ-១៩ ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់របស់អង្គការសហប្រជាជាតិនោះឡើយ ។ យើងចូលរួមដោយស្មគ្រ័ចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ"៕