ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ឆ្មក់បង្ក្រាបរថយន្តដឹកសត្វមាន់រស់ ដែលលួចនាំចូលពីថៃ ដោយខុសច្បាប់

image

​បន្ទាយមានជ័យ៖ សត្វមាន់រស់ចំនួន ៤៥តាកា ស្មើនឹងចំនួន ៥៨៥ក្បាល ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ  ធ្វើការឆ្មក់ឃាត់ចាប់យកមកស្នងការដ្ឋាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ និងបានប្រគល់សត្វមាន់ទាំងនោះទៅមន្ត្រីជំនាញពេទ្យសត្វខេត្ត ដើម្បីពិនិត្យ ។

លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ ពិសេសរាល់ទំនិញចំណីអាហារដែលច្បាប់ហាមឃាត់។ ជាលទ្ធផល នៅវេលាម៉ោង០៣ទាបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការស្ទាក់ឃាត់រថយន្តម៉ាក SANG YONG ISTANA ​ពណ៌ស០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ  2W-0430 ​ នៅចំណុចភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ដែលបើកបរដោយឈ្មោះ វ៉េត  វ៉ាត់ ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបររត់ឡានឈ្នួល (រត់តាក់ស៊ី) លំនៅភូមិខ្លាងាប់  ឃុំទួលពង្រ ស្រុកម៉ាឡៃ មានដឹកសត្វមាន់រស់នាំចូលពីប្រទេសថៃដោយខុសច្បាប់ យកមកកាន់ស្នងការដ្ឋាន ដើម្បីសួរនាំ និងត្រួតពិនិត្យ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា ឆ្លងតាមការសាកសួរចម្លើយ ឈ្មោះ វ៉េត  វ៉ាត់ ជាអ្នកបើកបររថយន្តបាននិយាយថា គាត់គ្រាន់តែស៊ីឈ្នួលដឹកសត្វមាន់រស់ ឲ្យឈ្មោះ នី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយផ្ទេរចេញពីរថយន្តថៃ ត្រង់ចំណុចច្រករបៀងសេះងាប់ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ដោយក្នុង ១ជើងបានតម្លៃ៤០ម៉ឺនរៀល ដឹកដល់ខេត្តសៀមរាប។ បើតាមចម្លើយរបស់ឈ្មោះ ផល  ម៉ាស់ ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិបឹងបេង ឃុំ បឹងបេង ស្រុកម៉ាឡៃ បានឲ្យដឹងថា ខ្លួនគ្រាន់តែជាមេការមើលការខុសត្រូវឲ្យឈ្មោះ នី ជាម្ចាស់មាន់តែប៉ុណ្ណោះ ដោយក្នុង ១ជើង ម្ចាស់មាន់ គាត់ឲ្យតម្លៃ ៥ម៉ឺនរៀល  និងបានធ្វើជាមេការនេះ ២០ជើង។ លោកថា រាល់ការដឹក ពុំមានលិខិតស្នាមអ្វីទេ ។

លោកវរសេនីយ៍ទោ យឹម នី បានបញ្ជាក់បន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត នគរបាលជំនាញបានប្រគល់សត្វមាន់ទាំងអស់នេះទៅមន្ត្រីជំនាញពេទ្យសត្វខេត្ត។

បើតាមការឲ្យដឹងពីមន្ត្រីពេទ្យសត្វខេត្ត បានបញ្ជាក់ប្រាប់ថា សត្វមាន់រស់ទាំងអស់នេះ គឺជំនាញពេទ្យយកទៅធ្វើការពិនិត្យរកជំងឺ ដោយយកសំណាកសត្វមាន់ទាំងអស់ផ្ញើទៅនាយកដ្ឋាន ដើម្បីស្រាវជ្រាវរកជំងឺ បើសិនជាលទ្ធផលនៃការពិនិត្យនោះ អវិជ្ជមាន សមត្ថកិច្ចជំនាញធ្វើការពិន័យតាមច្បាប់។ តែបើសិនជាការពិនិត្យនោះលទ្ធផលវិជ្ជមាន, មន្ត្រីជំនាញនឹងស្នើសុំគោលការណ៍ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការបំផ្លាញចោល ឯម្ចាស់មាន់ មន្ត្រីជំនាញរៀបចំសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់៕

ព័ត៌មានទាក់ទង...