ព័ត៌មានជាតិ

ស្ត្រាលី ផ្តល់ថវិកាចំនួន ១៥លានដុល្លារ សម្រាប់ជនមានពិការភាព នៅខេត្តសៀមរាប

image


សៀមរាប៖ រដ្ឋាភិបាលអូស្រ្តាលី កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមទាំងថ្នាក់ក្រោមជាតិផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មបានគ្រប់ទីកន្លែង ប្រកបដោយគុណភាព និងបរិយាបន្ន សម្រាប់ជនមានពិការភាព។ តាមរយៈការងារដ៏សំខាន់នេះ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាចំនួន ១៥លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ដើម្បីធានានូវសេវាកម្មប្រកបដោយគុណភាពសម្រាប់ជនមានពិការភាពនៅខេត្តសៀមរាប។

ការផ្តល់ជំនួយសម្រាប់ជនមានពិការភាពនេះ បានធ្វើឡើងបន្ទាប់ពីបុគ្គលិកស្ថានទូតអូស្រ្តាលី បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តសៀមរាប ដើម្បីជួបជាមួយដៃគូ និងអ្នកទទួលផលពីកម្មវិធី រួមជាមួយការប្រគល់សម្ភារការពារពីជំងឺកូវីដ-១៩ ដល់មជ្ឈមណ្ឌល និងអតិថិជនរបស់មជ្ឈមណ្ឌល។ ម្យ៉ាងវិញទៀត ជាការសង្កេតមើលប្រភេទសេវាកម្មផ្សេងៗ ដែលផ្តល់ដោយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា រួមមានការផលិតអវយវៈសិប្បនិមិត្ត និងរណបជំនួយ និងការបណ្តុះបណ្តាលការព្យាបាលដោយចលនា ដោយផ្តោតសំខាន់លើការផ្តល់សេវាស្តារនីតិសម្បទាសម្រាប់ជនមានពិការដៃជើង និងគ្រួសាររបស់ពួកគេ។

លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីធានាបានថា គ្មានអ្នកណាម្នាក់ត្រូវបានទុកចោលកំឡុងការរាតត្បាត ឬនៅពេលណាមួយឡើយ។

លោក ជូ រតនៈ នាយកមូលនិធិជនពិការ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកាយវិការប្រកបដោយការយយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបន្តការគាំទ្រវិស័យពិការភាក្នុងប្រទេសកម្ពុជា ជាពិសេសការគាំទ្រសម្ភារបង្ការជំងឺកូវីដ-១៩។ លោកធានាថា នឹងប្រើប្រាស់សម្ភារដែលផ្តល់មកនេះឱ្យមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក កម្មវិធី ACCESS បានគាំទ្រដល់មូលនិធិជនពិការ ក្នុងការចាត់ចែងមណ្ឌលឱ្យមានប្រសិទ្ធិភាព ដើម្បីធានាបានថា ជនមានពិការភាពបន្តទទួលបាននូវសេវាស្តារនិតិសម្បទាគ្រប់ជ្រុងជ្រោយ ទោះបីជាក្នុងកាលៈទេសៈរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។

កម្មវិធីACCESS គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អូស្រ្តាលី ក្នុងការគាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍដែលរួមបញ្ចូលជនមានពិការភាព នៅក្នុងតំបន់។ កម្មវិធី ACCESS នឹងបន្តជួយធានាថា សេវាកម្មមូលដ្ឋានសម្រាប់ក្រុមងាយរងគ្រោះ នៅតែមានក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ(កូវីដ-១៩)៕