អាជ្ញាធរជាតិ ដឹកនាំការប្រជុំអន្តរក្រសួង ដើម្បីរកដំណោះស្រាយផ្តល់របបឧបត្ថម្ភដល់មជ្ឈមណ្ឌលឱកាសថ្មីនៅខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបប្រជុំជាមួយតំណាងអន្តរក្រសួង និងអាជ្ញាធរខេត្តក្រចេះ ដើម្បីរកដំណោះស្រាយផ្តល់របបឧបត្ថម្ភដល់ជនរងគ្រោះ ដែលកំពុងតែទទួលសេវាព្យាបាលគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសថ្មី ស្ថិតក្នុងខេត្តក្រចេះ។

កិច្ចប្រជុំ បានផ្តោតលើការរកដំណោះស្រាយ ដើម្បីផ្តល់គោលរបបដល់ជនរងគ្រោះដែលកំពុងស្នាក់នៅ ព្យាបាលនិងស្តារនីតិសម្បទាផ្តាច់ភាពញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសថ្មីខេត្តក្រចេះ។ មជ្ឈមណ្ឌលនេះ ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលចំនួន២ ដែលពុំទាន់បានទទួលគោលរបបដល់ជនរងគ្រោះ ដែលស្នាក់នៅ ព្យាបាល និងស្តារនីតិសម្បទាផ្តាច់ភាពញៀនគ្រឿងញៀននៅឡើងនោះទេ។

បើតាមលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា មជ្ឈមណ្ឌលឱកាសថ្មី បានដាក់ឱ្យដំណើរការ ដោយមានលិខិតអនុញ្ញាតពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក ក៏បានលើកនូវសំណើចំនួន ៥ចំណុច ពិសេស ពីគោលរបបសម្រាប់ផ្តល់ជូនជនរងគ្រោះ ដែលកំពុងស្នាក់នៅ ព្យាបាល និងស្តារនីតិសម្បទាផ្តាច់ភាពញៀនក្នុងមជ្ឈមណ្ឌលនេះ។

ក្នុងឱកាសនោះដែរ លោក ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ក្រសួង បានផ្តល់ការអនុញ្ញាតឱ្យដំណើរការនូវមជ្ឈមណ្ឌលឱកាសថ្មី សំដៅចូលរួមរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើការព្យាបាល និងស្តារនីតិសម្បទាជនរងគ្រោះដោយសារគ្រឿងញៀន ឱ្យបានជាសះស្បើយ ហើយធ្វើសមាហរណកម្មទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ។

លោក ធូ ស៊ុន បានបញ្ជាក់ថា កិច្ចដំណើរការរបស់មជ្ឈមណ្ឌលឱកាសថ្មី កន្លងមកបានដោយសារកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងសប្បុររសជន តែមិនទាន់មានគោលរបបរបស់រាជរដ្ឋាភិបាលនៅឡើយ ដែលតម្រូវឱ្យតំណាងក្រសួងពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យលទ្ធភាពដើម្បីផ្តល់ជូន ។

ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងលើកឡើងពីសារៈសំខាន់នៃការអនុញ្ញាតឱ្យមានមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមបណ្តារាជធានី-ខេត្ត ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានដាក់ចេញនូវការងារបីចំណុច៖

១-ស្នើសុំឱ្យអង្គប្រជុំទាំងមូល ត្រូវតែរួមគ្នាសម្រេចឱ្យបាននូវការផ្តល់គោលរបបជូនមជ្ឈមណ្ឌលឱកាសថ្មី
២-អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់កិច្ចសម្របសម្រួលជូនក្នុងករណីមានភាពរាំងស្ទះឯកសារផ្សេងៗ
៣-ពាក់ព័ន្ធនឹងការកសាងមជ្ឈមណ្ឌលលើទីតាំងថ្មី ត្រូវធ្វើតាមនីតិវិធី ដើម្បីងាយស្រួលក្នុងការសុំគោលរបបជូន៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation