ជំងឺមហារីកបំពង់អាហារ ភាគច្រើនកើតលើបុរសច្រើនជាងស្រ្តី ហើយវ័យដែលប្រឈមហានិភ័យខ្ពស់ គឺនៅចាប់ពីអាយុ៥៥ឆ្នាំឡើង
| សុខភាព
SHARE

អត្ថបទ ៖ សន ពិសិដ្ឋ 
ភ្នំពេញ ៖ ជំងឺមហារីកបំពង់អាហារ គឺជាជំងឺមហារីកកាចមួយ ដែលកើតឡើងដោយសារ កោសិកាឬជាលិកា នៅលើទីតាំងណាមួយ នៃបំពង់អាហារ។ ជំងឺនេះ ដែលជារឿយៗវាត្រូវបានគេប្រទះឃើញ កើតនៅលើប្រពន្ធ័រំលាយអាហារជាញឹកញយ ដំណាក់កាលចុងក្រោយរបស់ជំងឺនេះ វាងាយនឹងរាលដាលទៅទីតាំងដទៃទៀត នៅលើរាង្គកាយរបស់យើង។

បើតាម លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក បានប្រាប់ឲ្យដឹងថា ជំងឺមហារីកបំពង់អាហារ ត្រូវបានគេចែកចេញជា៤ប្រភេទ ហើយ ប្រភេទដែលគេឧស្សាហ៍ ជួបប្រទះជាញឹកញយ គឺប្រភេទស៊្វែមឺសសែលខាស៊ីណូម៉ា (Squamous Cell Carcinoma) ប្រហែលស្មើនឹងជាង៩០% នៃជំងឺមហារីកបំពង់អាហារសរុប។

ជំងឺមហារីកបំពង់អាហារ ភាគច្រើនកើតលើបុរស ច្រើនជាងស្រ្តី ហើយវ័យដែលប្រឈមហានិភយ័ខ្ពស់ ក្នុងការកើតជំងឺនេះ គឺនៅចន្លោះពីអាយុ៥៥ឆ្នាំឡើង។ ការកើតជំងឺមហារីកបំពង់អាហារ គឺវាមានទំនាក់ទំនងយ៉ាងស្មុគស្មាញ ទៅនឹងកត្តាទំលាប់ប្រចាំថ្ងៃ, កត្តាសុខភាព កត្តាតំណពូជ, កត្តាសារជាតិរ៉ែជាដើម។ ប៉ុន្ដែកត្តាទំលាប់ប្រចាំថ្ងៃមិនល្អ, កត្តានៃទំលាប់របបអាហារមិនល្អជាប្រចាំ ដែលមានរយៈពេលយូរអង្វែង ក៏អាចបណ្ដាលឲ្យកើតជំងឺមហារីកបំពង់អាហារបានដែរ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា កត្តាសំខាន់ៗដែលបណ្តាលឲ្យកើតជំងឺមហារីកបំពង់អាហារ រួមមាន ៖ ការទទួលទានចំណីរអាហារ មិនសមស្រប, ការញ៉ាំអាហារដែលសំបូរនីត្រូសាមីន (Nitrosamines) ដូចជា អាហារជ្រក់ ឬអាហារផ្អាប់, ការមានទំលាប់ចូលចិត្តញ៉ាំរបស់ក្ដៅខ្លាំង ដូចជាការញ៉ាំភេសជ្ជះក្ដៅខ្លាំង, ការជក់បារី, បរិភោគសុរាច្រើនហួសកំរិត, ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរៃ ដោយមិនបានព្យាបាលត្រឹមត្រូវ តាមក្បួនច្បាប់វេជ្ជសាស្រ្ត។

ចំពោះរោគសញ្ញាវិញ, លោកវេជបណ្ឌិតបានឲ្យដឹងថា វាតែងបង្ហាញឲ្យឃើញថា ៖ ការញ៉ាំអាហារចូលចេះតែរកកលចង់ក្អួត ការលេបអាហារមានអារម្មណ៍ ដូចជាឆ្លាក់ជាប់បំពង់ក, ក្នុងពេលលេបអាហារចូលមានអាការៈក្ដៅទ្រូង និងឈឺដូចម្ជុលចាក់ឬដូចគេទាញនៅក្នុងទ្រូង, ការលេបអាហារមានការលំបាក បណ្ដាលឲ្យញ៉ាំមិនកើត មានការក្អួតចង្អោរ ឈឺពោះផ្នែកខាងលើ, ស្រកទម្ងន់ខ្លាំងខុសពីធម្មតា, ពេលខ្លះវាក៏អាចបណ្តាលឲ្យ មានការហូរធ្លាក់ឈាមផងដែរ, ចុះខ្សោយ អស់កម្លាំង និងល្ហិតល្ហៃ, មានការស្លេកស្លាំងនិងខ្វះគ្រាប់ឈាមក្រហម និងមានការចុកណែនអួល ក្នុងដើមទ្រូង។

លោកវេជ្ជបណ្ឌិត បានផ្តល់ដំបូន្មានថា ប្រសិនបើមានរោគសញ្ញាណាមួយ ដូចបានរៀបរាប់ខាងលើ សូមធ្វើការណាត់ជួប ជាមួយគ្រូពេទ្យជំនាញជំងឺមហារីក ដើម្បីពិគ្រោះយោបល់អំពីការព្យាបាល និងទទួលបាននូវជំរើសព្យាបាលមួយត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation