ព័ត៌មានជាតិ

កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើស នៅតាមដងទន្លេសាប

image

អត្ថបទ៖ ហឹង ចូច 
កំពង់ឆ្នាំង៖ គេសង្កេតឃើញថា នៅក្នុងរដូវបិទនេសាទឆ្នាំនេះ បទល្មើសនៅតែកើតមាន បើទោះបីកម្លាំងជំនាញរដ្ឋបាលជលផលបានសហការជាមូយកម្លាំងសមត្ថកិច្ចរចុះទៅផ្សព្វផ្សាយ និងបង្ក្រាបជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ។ ករណីនេះផ្តើមចេញពីជនខិលខូចមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីភាពវិនាសហិនហោច នៃមច្ឆជាតិឡើយ។

យ៉ាងណាមិញ នៅថ្ងៃអង្គារ ម្សិលមិញនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តចុះទៅបង្ក្រាបបទល្មើសនៅតាតំបន់មួយចំនួន ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកបរិបូរណ៍។

ក្រុមទី១ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់លែងប្រើប្រាស់កម្លាំងសរុប ២០នាក់ និងកាណូត ៥គ្រឿង បានចុះទៅដល់ភូមិសាស្រ្តឃុំផ្លូទូក និងឃុំប្រឡាយមាស បានប្រទះឃើញបទល្មើសនេសាទរបាំងសាច់អួនត្រង់ចំណុចវាលភក់ ដោយបានសម្រេចធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង។

ក្រុមទី២ កម្លាំងសង្កាត់រដ្ឋបាលជលផលរិបូណ៍ មានគ្នា ៣នាក់ និងកាណូត ១គ្រឿង ចុះប្រតិបត្តិការប្រទះឃើញរបាំងស្បៃមុង នៅចំណុចអ្នកតាទម្លាប់ ភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុក បរិបូណ៍ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងតែម្តង។

ក្រុមទី៣ កម្លាំងរដ្ឋបាលជលផលជលគិរី និងកម្លាំងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប សរុបចំនួន២២នាក់ មធ្យោបាយកាណូត ៤គ្រឿង ចុះប្រតិបត្តិការនៅចំណុចបឹងផ្សោត ក្រាំងយ៉ូវ និង ព្រែកភ្លង បានប្រទះឃើញបទល្មើសនេសាទ ដោយបានរុះរើ និងបំផ្លាញចោល នៅនឹងកន្លែងតែម្តង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងរដ្ឋបាលជលផល បានសម្រេចរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន របាំងភ្ជិតព្រែក ៤កន្លែង ប្រវែង ៦៥ម៉ែត្រ ព្រួល ១៥ផែន លប ១២គ្រឿង របាំងស្បៃមុងចំនួន ២៤កន្លែង ប្រវែង ៦៤០ម៉ែត្រ លូចំនួន ២៤គ្រឿង របាំងសាច់អួនចំនួន ២៤កន្លែង ប្រវែង ១៧០០ម៉ែត្រ លបលូចំនួន ៥០មាត់ បង្គោល ១៣០០ដើម និងចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិញចំនួន ១២០គីឡូក្រាម៕


ព័ត៌មានទាក់ទង...