ព័ត៌មានជាតិ

មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែងទទួលបានសម្ភារសម្រាប់ការបណ្តុះបណ្តាលជំនាញពីអង្គការដៃគូស្វិសខនថាក(Swisscontact)

image


អត្ថបទ៖ម៉ាក មេត្តា

ខេត្តស្ទឹងត្រែង៖សម្ភារជាច្រើនប្រភេទសម្រាប់បំរើការជាប្រយោជន៍រួម ត្រូវបានអង្គការស្វិសខនថាក់(Swisscontact)ធ្វើការប្រគល់ជូនដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែង នៅថ្ងៃនេះ។

សម្ភារទាំងនោះជាឧបករណ៍សម្រាប់បង្ហាត់បង្រៀនវគ្គជំនាញបង្កើតជាមុខរបរដល់ស្ត្រីទូទៅដែលមកពីគ្រួសារទន់ខ្សោយ និងស្ត្រីដែលបោះបង់ការសិក្សា ឱ្យពួកគេមានជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីឈានទៅបង្កើតមុខរបរច្បាស់លាស់មួយក្នុងការចិញ្ចឹមជីវិតបានយ៉ាងល្អទៅថ្ងៃអនាគត។

កញ្ញា សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឱ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែងបានចាប់ដៃគូជាមួយអង្គការស្វិសខន់ថាក់តាំងពីឆ្នាំ២០១៨ ដែលមានរយៈពេលជិតពីរឆ្នាំកន្លងមកហើយ។

ហើយអង្គការស្វិសខន់ថាក់ក៏បានផ្តល់សម្ភារច្រើនមុខ ជាច្រើនលើកច្រើនសារ បានធ្វើឱ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្ហាត់បង្រៀនវគ្គជំនាញបង្កើតជាមុខរបរដល់ស្ត្រីទូទៅដែលមកពីគ្រួសារទន់ខ្សោយ និងស្ត្រីដែលបោះបង់ការសិក្សា ឱ្យពួកគេមានជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីឈានទៅបង្កើតមុខរបរច្បាស់លាស់មួយក្នុងការចិញ្ចឹមជីវិតបានយ៉ាងល្អទៅថ្ងៃអនាគត។

កញ្ញា សន សុខា បន្ថែមថា ចាប់តាំងពីមានការផ្តល់ជំនួយជាសម្ភារពីអង្គការដៃគូស្វិសខន់ថាក់នៅឆ្នាំ២០១៨មក មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី បានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានចំនួន៥លើករួចមកហើយ ដែលសរុបមានសិស្សចំនួន១៩៥នាក់ បានមករៀនវគ្គជំនាញ។

កញ្ញា សន សុខា បានបន្តទៀតថា វគ្គជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈដែលមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែង បានបង្រៀនមានបី គឺវគ្គតម្បាញ វគ្គកាត់ដេរ និងវគ្គសំអាងការ។

នាឱកាសនោះលោក ញ៉ែម សារី អភិបាលរងខេត្ត ក៏បានកោតសសើរចំពោះអង្គការស្វិសខន់ថាក់ ដែលតែងតែផ្តល់សម្ភារដល់មជ្ឈមណ្ឌល ដែលធ្វើឱ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តស្ទឹងត្រែងបានធ្វើដំណើរដោយរលូន។

លោក ក៏បានផ្តាំផ្ញើទៅប្រធានមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី ត្រូវចេះថែរក្សាសម្ភារទាំងនោះ ឱ្យល្អប្រសើរ និងបានយូរអង្វែងតទៅមុខទៀត ជាពិសេសហាមយកសម្ភារទាំងនោះទៅផ្ទះរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ផ្តាច់មុខផ្ទាល់ខ្លួន៕