ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តកែប វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្នុងការប្រឹងប្រែងបំពេញកិច្ចការ និងការរក្សាសន្តិសុខបានល្អ

image

អត្ថបទ៖ ង៉ុង សាន់  
កែប៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក អោយទទួលបានលទ្ធផលល្អ។ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការងារសង្គមបានល្អ និងការអភិវឌ្ឍខេត្តកែបរីកចម្រើនជាបន្តបន្ទាប់។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តកែប។

ក្នុងនាឱកាសនោះ លោក សំ សារីន បានលើកឡើងថា ដើម្បីឱ្យខេត្តកែប មានការអភិវឌ្ឍប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន។

លោក ក៏បានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ-អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនឱ្យបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំអោយបានលឿន នឹងត្រឹមត្រូវច្បាស់លាស់។

ចំណែកលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ផងដែរថា ចំពោះការជួយថែរក្សា សណ្តាប់ធ្នាប់សាធារណៈ ការការពារសន្តិសុខ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋកន្លងមក របស់អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តកែប ពិសេសនោះដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋថែមទៀត។

ទន្ទឹមនេះលោកបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវបន្តពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈ ឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវេលា ហើយអ្វីដែលសំខាន់នោះត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៃរលកទី២ ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺមួយនេះ៕