ព័ត៌មានជាតិ

អន្តរក្រសួង ចុះពិនិត្យវាយតម្លៃ ដើម្បីផ្តល់គោលរបបជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តចំនួន ៣

image

បាត់ដំបង៖ ក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំដោះស្រាយការផ្តល់គោលរបបឧបត្ថម្ភដល់ជនរងគ្រោះញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលចំនួន៤ ក្នុងខេត្តចំនួន៣។

យោងតាមរបាយការណ៍ បានឱ្យដឹងថា មជ្ឈមណ្ឌលទាំង៤នោះ រួមមាន មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិភពនៃក្តីសង្ឃឹម ស្ថិតនៅឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង, មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាខេត្តសៀមរាប ស្ថិតនៅក្រុងសៀមរាប, មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ខេត្តបាត់ដំបង និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

បើតាមលោក ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាខេត្តសៀមរាប ទទួលបានការអនុញ្ញាតបើកដំណើរការពីអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានផ្ទេរឱ្យក្រសួងសង្គមកិច្ច បន្តគ្រប់គ្រង និងផ្តល់គោលរបបជូនចាប់ពី ឆ្នាំ២០១២ ជារៀងរហូតមក។ លោក ក៏បានស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តផ្តល់គោលរបបជូនមជ្ឈមណ្ឌលទាំងអស់នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។

ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់អនុសាសន៍ឱ្យមជ្ឈមណ្ឌលបណ្តោះអាសន្នទាំងអស់ បន្តផ្តល់សេវាជូនជនរងគ្រោះដោយសារគ្រឿងញៀន ត្រឹមរយ:ពេល៦ខែ ហើយជនរងគ្រោះ ដែលត្រូវទទួលការព្យាបាល និងស្តានីតិសម្បទារយ:ពេលយូរ នឹងត្រូវទទួលបានការបន្តព្យាបាលស្តារនីតិសម្បទា និងផ្តល់ចំណេះជំនាញនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ រយ:ពេល០២ឆ្នាំ។

ជាមួយនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានដាក់ចេញនូវការងារ ២ចំណុច រួមមាន ទី១-ស្នើសុំឱ្យសមាជិកអង្គប្រជុំទាំងមូល ត្រូវតែរួមគ្នារៀបចំឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីសុំបន្តផ្តល់គោលរបបជូនជនរងគ្រោះដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង, មជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប។ ទី២-អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់កិច្ចសម្របសម្រួលជូនក្នុងករណីមានភាពរាំងស្ទះឯកសារផ្សេងៗ៕



ព័ត៌មានទាក់ទង...