ជំងឺទឹកដក់ក្នុងភ្នែក ធ្វើឱ្យដែនគំហើញថយចុះ ខូចសរសៃបាតភែ្នក និងពិការភ្នែក ដែលទាមទារឲ្យមានការព្យាបាលពីដំបូងទី
| សុខភាព
SHARE

ភ្នំពេញ ៖ ជំងឺទឹកដក់ក្នុងភែ្នក គឺជាជំងឺមួយ ក្នុងចំណោមជំងឺភែ្នកដទៃទៀតជាច្រើន ដែលបណ្តាលឲ្យខូចសរសៃបាតភែ្នក បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភែ្នក។ ជំងឺទឹកដក់ក្នុងភ្នែកនេះ ទាមទារឲ្យមានការព្យាបាលពីដំបូងទី ព្រោះវា នឹងបណ្តាលឲ្យដែនគំហើញថយចុះ និងខូចសរសៃបាតភែ្នក រហូតដល់ពិការភ្នែក។ ជំងឺនេះ អាចទាក់ទងទៅនឹង ការកើនឡើងនៃសម្ពាធទឹកនៅក្នុងភែ្នក លើសពីធម្មតា ឬសម្ពាធទឹកនៅក្នុងភែ្នកធម្មតា ។

បើតាមការឲ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត តាមរយៈគេហទំព័រហ្វេសប៊ុក បានឲ្យដឹងថា ជំងឺទឹកដក់ក្នុងភ្នែកនេះ អាចកើតឡើងជារឿយៗ ដោយគ្មានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ នៅក្នុងដំណាក់កាលដំបូងឡើយ ហើយការមិនបានព្យាបាលពីដំបូងទី វានឹងបណ្តាលឲ្យ ដែនគំហើញថយចុះ និងខូចសរសៃបាតភែ្នក រហូតដល់ពិការភ្នែក។

ជំងឺទឹកដក់ក្នុងភែ្នក កើតមានឡើងលើមនុស្ស២ទៅ៣% ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យ ឲ្យបានដឹងជាមុនទេ។
មានមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានជំងឺទឹកដក់ក្នុងភែ្នក ដូចជា ៖ ការកើនឡើងនៃអាយុ, ទឹកនោមផ្អែម, ឡើងបាយភែ្នក, ឈាមបាតភែ្នក, កើតឡើងលើស្ត្រីច្រើនជាងបុរស និងការរបួសភែ្នកជាដើម។

ដោយឡែកចំពោះរោគសញ្ញានៃជំងឺនេះវិញ គឺឈឺក្បាលខ្លាំង, ក្អួតចង្អោរ, ឈឺចាប់ក្នុងភែ្នកខ្លាំង, គំហើញថយចុះ, ការបាត់បង់ដែនគំហើញ, ភែ្នកក្រហម, កូនក្រមុំរីក និសម្ពាធទឹកនៅក្នុងភែ្នកកើនឡើង។
លោកវេជ្ជបណ្ឌិត បានឲ្យដំបូន្មានថា ក្នុងករណីដែលយើងបានធ្វើការព្យាបាលទាន់ពេលវេលា គឺអាចបង្ការភាពពិការភែ្នក បានមួយកម្រិតខ្ពស់។ បើយើងពុំបានព្យាបាលត្រឹមត្រូវទាន់ពេលវេលាទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភែ្នក។

ដូច្នេះ ប្រសិនបើលោកអ្នក មានរោគសញ្ញា ដូចបានរៀបរាប់ជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឯកទេសផ្នែកជំងឺភែ្នក នៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាល ឲ្យបានប្រាកដត្រឹមត្រូវ ទាន់ពេលវេលា និងជៀសវាងផលវិបាក ដែលបណ្តាលមកពីជំងឺទឹកដក់ក្នុងភែ្នកនេះ៕
អត្ថបទ ៖ សន ពិសិដ្ឋ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation