ព័ត៌មានអន្តរជាតិ

ទាហានឥណ្ឌា ១នាក់ បានស្លា ប់ក្នុងការប៉ះទង្គិចចុងក្រោយជាមួយទាហានចិន

image

ឥណ្ឌា៖ ទាហានឥណ្ឌា ចំនួន ១រូប បានស្លាប់ នៅក្នុងការប៉ះទង្គិចនៅតំបន់បន្ទាត់ព្រំដែន ជាមួយទាហានចិន នៅតំបន់ភ្នំហិម៉ាល័យ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។

ការស្លាប់របស់ទាហានឥណ្ឌានេះ បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចចំនួន២លើក ក្នុងរយៈពេល ៤៨ម៉ោង នៅព្រំដែនប្រទេសទាំងពីរ ដែលកំពុងមានភាពតានតឹង និងបន្ទាប់ពីទាហានឥណ្ឌា យ៉ាងតិច ២០នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចកាលពី ២ខែមុន។

ឥណ្ឌា និងចិន ដែលមានការប៉ះទង្គិចលើបញ្ហាព្រំដែននៅឆ្នាំ១៩៦២ បានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការព្យាយាមឆ្លងដែនចូលតំបន់ឡាដាក់ (Ladakh) ដែលលើកទី១ កើតកាលពីថ្ងៃទី២៩ ខែសីហា និងលើកទី២ កើតកាលពីថ្ងៃទី៣១ ខែសីហា។

មន្ត្រីនាំពាក្យឲ្យយោធាចិនបានបន្ថែមថា សកម្មភាពរបស់ឥណ្ឌាបានរំលោភយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន និងបានសង្កត់ធ្ងន់ថា ចិនប្រឆាំងដាច់ខាតចំពោះទង្វើមិនស្មោះត្រង់របស់ភាគីឥណ្ឌាដែលលែងទទួលស្គាល់ការសន្យាកន្លងមក។ 

ប្រទេសឥណ្ឌាក៏បានចោទប្រកាន់ប្រទេសចិនថាបានបំពានលើការឯកភាពគ្នាទាក់ទិននឹងបញ្ហាព្រំដែនដែរ ដោយបានប្រកាសថា កងទ័ពចិន បានចល័តយោធាក្នុងន័យបង្កហេតុដើម្បីកែប្រែស្ថានការណ៍ស្ងាប់ស្ងាត់នៅតំបន់ព្រំដែនមានជម្លោះ៕ 

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

ព័ត៌មានទាក់ទង...