
តំបន់ព្រៃអាម៉ាហ្សូននៅប្រេស៊ីលកាលពីខែសីហារងគ្រោះដោយសារភ្លេីងឆេះព្រៃច្រេីនបំផុតលំដាប់ទី២ក្នុងរយៈពេល១ទសវត្សរ៍មកនេះ

ប្រេស៊ីល៖ភ្លេីងឆេះព្រៃជិត៣ម៉ឺនកន្លែងបានកេីតឡេីងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីលកាលពីខែសីហា ដែលនោះជាចំនួនភ្លេីងឆេះព្រៃប្រចាំខែច្រើនបំផុតលំដាប់ទី២ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
ចំនួននេះបានថយចុះតិចជាងចំនួនភ្លេីងឆេះព្រៃក្នុងខែសីហាដូចគ្នាកាលពីឆ្នាំមុន៥%ស្របពេលដែលរូបភាពនៃភ្លើងឆេះព្រៃនៅក្នុងតំបន់ព្រៃត្រូពិចដ៏ធំបំផុតរបស់ពិភពលោកនេះត្រូវបានចែកចាយនៅជុំវិញពិភពលោក ហេីយដុតបញ្ឆេះឲ្យមានកំហឹងជាសកល។
នៅឆ្នាំនេះ ភ្លេីងឆេះព្រៃនៅក្នុងតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសប្រេស៊ីលបានកើតឡើងប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៩ ប៉ុន្តែផ្នែកដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់អាម៉ាហ្សូនគឺតំបន់ផានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមធំជាងគេបំផុតនៅលើពិភពលោកដោយភ្លេីងឆេះព្រៃបានកើនឡើង២២០%ក្នុងរយៈពេលដូចគ្នា។
ក្រុមសកម្មជនបរិស្ថានបានបន្ទោសចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាម៉ាហ្សូនរបស់ប្រធានាធិបតីស្តាំនិយម លោក ហ្សែ បុលសូណារ៉ូ (Jair Bolsonaro) ថាបានជំរុញឲ្យមានការកេីនឡេីងនៃការកាប់បំផ្លាញព្រៃឈេី និងការរុករករ៉ែដែលបណ្ដាលឲ្យមានភ្លេីងឆេះព្រៃ។
ប៉ុន្តែលោក បុលសូណារ៉ូ បាននិយាយថារដ្ឋាភិបាលត្រូវការឲ្យមានការវិនិយោគលេីការរុករករ៉ែ និងកសិកម្មបន្ថែមទៀតនៅក្នុងតំបន់អាម៉ាហ្សូនដើម្បីជួយពលរដ្ឋឲ្យចេញផុតពីភាពក្រីក្រ។
គួរកត់សម្គាល់ថា បន្ទាប់ពីមានសម្ពាធជាសកលពីរដ្ឋាភិបាល និងវិនិយោគិនបរទេស លោក បុលសូណារ៉ូ បានដាក់ពង្រាយយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងភ្លេីងឆេះព្រៃនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន៕
