ព័ត៌មានជាតិ

ចាប់ខ្លួនមេតុងទីនម្នាក់ បញ្ជូនទៅតុលាការ ករណីឆបោកប្រាក់ជាង ២០ម៉ឺនដុល្លារ

image

ភ្នំពេញ៖ សមត្ថកិច្ច បានចាប់ខ្លួនស្ត្រីមេតុងទីនដ៏ល្បីឈ្មោះម្នាក់ប្រចាំផ្សារទឹកថ្លា ឈ្មោះ ប៉ាន មុនីរ័ត្ន ករណីឆបោកប្រាក់កូនតុងទីនរាប់ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរមេតុងទីនរូបនេះ មុនសម្រេចថា ឃុំខ្លួនឬមិនឃុំខ្លួន ខណៈលេចឮព័ត៌មាន ថា មានអ្នកធំកំពុងរត់ការខ្វាត់ខ្វែង ដើម្បីឱ្យមានការដោះលែងមេតុងទីនរូបនេះ។

មេតុងទីន ប៉ាន មុន្នីរ័ត្ន អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិគ្រឹះមង្គលមុនីសិរី ផ្លូវលំភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈទឹកប្រាក់ដែលឈ្មោះ ប៉ាន មុនីរ័ត្ន និង ប្តីឈ្មោះ សុផា តុល បានប្រមូលពីកូនតុងទីនយកទៅចាយហ៊ឺហារខ្លួនឯងនោះ មានចំនួនជាង ២០ម៉ឺនដុល្លារ ដែលចំនួននេះ គឺមានដើមបណ្តឹងមានតែ៥នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យប្តឹង។ ចំណែកកូនតុងទីនរាប់សិបនាក់ទៀត មិនទាន់ឃើញដាក់ពាក្យប្តឹងនៅឡើយ។

ពាក់ព័ន្ធនឹងសំណុំរឿងមេតុងទីននេះ គឺ ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះប៉ាន មុនីរ័ត្ន និងប្តី សុផា តុល បានធ្វើជាមេតុងទីន មានក្បាល៥០ដុល្លារ ក្បាល១០០ដុល្លារ ក្បាល២០០ដុល្លារ មានដេញប្រចាំថ្ងៃ ដេញប្រចាំសប្តាហ៍ និងដេញប្រចាំខែ ដោយក្បាលខ្លះមានកូនតុងទីនចាប់ពី៧០នាក់ រហូតដល់១៣០នាក់ ដែលភាគច្រើនជាអាជីវករដែលលក់ដូរក្នុងផ្សារទឹកថ្លា និងអ្នកភូមិ។

សូមបញ្ជាក់ថា តុងទីននេះដំណើរការរហូតមកដល់ចុងឆ្នាំ២០១៩ ដោយកូនៗបានបង់លុយរហូតមក។ លុះមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃដែលមានកូនតុងទីន៥នាក់ ត្រូវប្រមូលប្រាក់មកវិញ ស្រាប់តែមេតុងទីនឈ្មោះ ប៉ាន មុន្នីរ័ត្ន និងប្តី សុផា តុល បានគេចខ្លួនបាត់រហូតមក ទើបម្ចាស់លុយសម្រេចដាក់ពាក្យប្តឹង។

មេតុងទីន ប៉ាន មុនីរ័ត្ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈកូនតុងទីន សំណូមពរឱ្យតុលាការកុំដោះលែងជននេះ ព្រោះគេមានបំណងគេចវេសមិនសងប្រាក់កូនតុងទីន៕
ដោយ ៖ គង់ ប៊ុនណា



ព័ត៌មានទាក់ទង...