ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រកាសសុពលភាពគណៈកម្មការថ្មីមួយ ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងពង្រឹងការងារសន្តិសុខនៅតាមពន្ធនាគារ

image


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសសុពលភាព និងដំណើរការរបស់គណៈកម្មការដឹកនាំការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ ពិធីប្រកាសសុពលភាពនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការដឹកនាំ ការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដោយគណៈកម្មការនេះ មានភារកិច្ចត្រួតពិនិត្យ ឆែកឆេរ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព។

គណៈកម្មការថ្មីនេះ មានលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ជាប្រធាន និងលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធានគណៈកម្មការ រួមទាំងមានអនុប្រធាន និងសមាជិក នៃគណៈកម្មការជាច្រើនរូបផ្សេងទៀតផងដែរ៕