
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាជន ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងអំពាវនាវឲ្យ បោះឆ្នោតជូនបក្សប្រជាជន ដើម្បីឲ្យប្រទេសជាតិ បន្តការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត

(ស្វាយរៀង) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើរ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងបានលើកឡើង ពីប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅកោះពេជ្រ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ លោកជំទាវ ម៉ែន សំអន ក៏បានណែនាំ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ហើយនៅពេលដែល គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត គឺប្រជាជនជាអ្នកឈ្នះ៕



អត្ថបទ ៖ សន ពិសិដ្ឋ
រូបភាព ៖ អេង សុគុណ, លឹម មុនី