សហរដ្ឋអាមេរិក នៅតែជាទីផ្សារធំបំផុតសម្រាប់ទំនិញនាំចេញពីកម្ពុជា
ភ្នំពេញ៖ទោះបីជាសហគមន៍អឺរ៉ុបដែលមានជិត៣០ប្រទេសបានស្រូបយកទំនិញពីកម្ពុជាបានច្រើនជាងគេក៏ដោយ ប៉ុន្តែបើគិតពីក្របខ័ណ្ឌប្រទេសវិញ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលបានទិញទំនិញពីកម្ពុជាច្រើនជាងគេបំផុត។
យោងតាមតួលេខពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩កន្លងទៅសហរដ្ឋអាមេរិកបានទិញទំនិញពីកម្ពុជាក្នុងទឹកប្រាក់ប្រមាណជិត៥៤០០លានដុល្លារ ហើយចំនួននេះបានកើនឡើងពីទឹកប្រាក់១០៣លានដុល្លារកាលពីឆ្នាំ១៩៩៧។ ដោយឡែកកម្ពុជាបានទិញទំនិញពីសហរដ្ឋអាមេរិកវិញក៏មានការកើនឡើងដែរគ្រាន់តែតួលេខនៃការនាំចូលទំនិញពីអាមេរិកមកកាន់កម្ពុជាមានកម្រិតទាបជាងឆ្ងាយពីតួលេខការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក។
កំណើននៃការនាំចូលទំនិញពីអាមេរិកបានកើនឡើងពីទឹកប្រាក់ជិត១៩លានដុល្លារកាលពីឆ្នាំ១៩៩៧ ដល់ទឹកប្រាក់៥១៤លានដុល្លារនៅត្រឹមឆ្នាំ២០១៩។ តាមរយៈតួលេខខាងលើនេះ បង្ហាញថា សហរដ្ឋអាមេរិកជួបនូវឱនភាពពាណិជ្ជកម្ពុជាជាមួយកម្ពុជាក្នុងទំហំទឹកប្រាក់ដ៏ច្រើន។
នៅក្នុងជំនួបពិភាក្សាការងាររវាលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក មូហ្វី (W. Patrick Murphy) នៅថ្ងៃទី០៣ ខែកញ្ញា ម្សិលមិញនេះ លោក ប៉ាទ្រីក មូហ្វី (W. Patrick Murphy) បានលើកឡើងពីការចង់ឃើញតុល្យភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមជាមួយនឹងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ និងការបង្កើនការវិនិយោគរបស់អាមេរិកឲ្យកាន់តែសំបូរបែបថែមទៀតនៅប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក និង បង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌណិជ្ជកម្មនិងវិនិយោគ កម្ពុជា-អាមេរិក (TIFA)។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង៥០០០មុខ។ នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៩៕ អត្ថបទ អាន ច័ន្ទថ្លា