កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ករណីលួចគាស់ទំលុះទំលាយ និងកាត់ខ្សែភ្លើង
| សន្តិសុខសង្គម
SHARE


ព្រះសីហនុ៖ ទីបំផុត កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ ក្នុងករណីលួចគាស់ទំលុះទំលាយ និងកាត់ខ្សែភ្លើង។

ប្រតិបត្តិការស្រាវជ្រាវ និងចាប់ខ្លួននេះ បានធ្វើឡើងក្រោយមានបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ និងដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

ការឃាត់ខ្លួនជនសង្ស័យទាំង ១៧នាក់នេះ គឺក្រោយទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុន ឌុយរ៉ាល់ អេឡិចត្រិច ជុំវិញករណីលួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ដែលតបណ្ដាញបំភ្លឺតាមមហាវិថីនានា នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងការងារតបណ្ដាញអគ្គិសនីបំភ្លឺតាមដងផ្លូវទូទាំងខេត្ដព្រះសីហនុ នាពេលកន្លងមក។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦និង២០នាទីព្រឹក។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញ បានទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន៥កន្លែង ក្នុងនោះ នៅក្រុងព្រះសីហនុ២កន្លែង និងស្រុកព្រៃនប់៣កន្លែង។

លោកស្នងការបន្តថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានបង្ក្រាបលើទីតាំងចំនួន២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ និងចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធក្នុងករណីខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។

សម្ភារវត្ថុតាងចាប់យក រួមមាន ស្ពាន់ខ្សែភ្លើងទំងន់ ១៥គីឡូក្រាម ម៉ាកTHIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចត្រិច។
បច្ចុប្បន្នជនសង្ស័យ រួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងសាកសួរបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការតាមច្បាប់ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation