អាហារ ៧ មុខនេះ អាចជួយឲ្យចរន្តឈាមដើរបានល្អ
| សុខភាព
SHARE


បញ្ហាឈាមរត់មិនល្អ អាចបង្កឡើងដោយបញ្ហាមួយចំនួន ដូចជាជំងឺសរសៃអាកទែរ (Peripheral artery disease ) ជំងឺទឹកនោមផ្អែម ជក់បារី និងជំងឺ Raynaud’s។ នៅពេលចរន្តឈាមត្រូវបានកាត់បន្ថយ អាចបង្ករោគសញ្ញាមួយចំនួនដូចជាការឈឺចាប់ រមួលក្រពើ ស្ពឹក បញ្ហាប្រព័ន្ធរំលាយអាហារ និងត្រជាក់ចុងដៃចុងជើងជាដើម។ ទោះបីជាបញ្ហាចរន្តឈាម តែងត្រូវព្យាបាលដោយការប្រើថ្នាំ ប៉ុន្តែការញ៉ាំអាហារប៉ុន្មានប្រភេទនេះ ក៏អាចជួយឲ្យចរន្តឈាមមានភាពប្រសើរឡើងដែរ។

១. ម្ទេស
ម្ទេសមានរសជាតិហឹរដោយសារសារធាតុ capsaicin ហើយសារធាតុនេះជួយឲ្យចរន្តឈាមទៅកាន់ជាលិកាល្អឡើងដោយបញ្ចុះសម្ពាធឈាម និងជំរុញការផលិតនីឌ្រិចអុកស៊ីត (nitric oxide)ដែលអាចពង្រីកសរសៃឈាមបាន។ ការស្រាវជ្រាវបានបង្ហាញថាការញ៉ាំម្ទេសបង្កើនចរន្តឈាម ពង្រឹងសរសៃឈាម និងបន្ថយការកកស្ទះនៅសរសៃអាកទែរ។

២. ផ្លែទទឹម
ផ្លែទទឹមសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ូលីហ្វេណុល (polyphenol) និងនីដ្រាត (nitrates) ដែលសុទ្ធតែអាចពង្រីកសរសៃឈាម។ ការញ៉ាំផ្លែទទឹម ឬផឹកទឹកទទឹមអាចជួយឲ្យចរន្តឈាមមានភាពប្រសើរឡើង និងបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកាសាច់ដុំដែលអាចជួយដល់ការធ្វើសកម្មភាពផ្សេងៗ។

៣. ខ្ទឹមបារាំង
ខ្ទឹមបារាំងជាប្រភពដ៏ល្អសម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoid ដែលមានប្រយោជន៍ដល់សុខភាពបេះដូង។ បន្លែនេះជួយដល់ចរន្តឈាមដោយពង្រីកសរសៃអាកទែរ និងសរសៃវ៉ែន។ ម៉្យាងទៀត ខ្ទឹមបារាំងក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាកដែលអាចបង្កើនចរន្តឈាម និងល្អសម្រាប់បេះដូងដោយកាត់បន្ថយការរលាកនៅសរសៃវ៉ែន និងសរសៃអាកទែរ។

៤. ខ្ទឹមស
ខ្ទឹមសមានប្រយោជន៍ដល់ចរន្តឈាម និងសុខភាពបេះដូង។ ការសិក្សាជាច្រើនបានអះអាងថាសារធាតុស្ពាន់ធ័រ និងសារធាតុអាល់លីស៊ីន (Allicin) ក្នុងខ្ទឹមសអាចបង្កើនចរន្តឈាមទៅកាន់ជាលិកា និងបញ្ចុះសម្ពាធឈាមដោយជួយសម្រួលសរសៃឈាម។
៥. រមៀត
អត្ថប្រយោជន៍មួយនៃការញ៉ាំរមៀតគឺបង្កើនចរន្តឈាម។ ការសិក្សាបានឲ្យដឹងថាសារធាតុមាននៅក្នុងរមៀតឈ្មោះ curcumin ជួយបង្កើនការផលិតនីឌ្រិចអុកស៊ីត បន្ថយអាការៈoxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) និងបន្ថយការរលាកបាន។

៦. ពពួកផ្លែក្រូច
ពពួកផ្លែក្រូចដូចជាផ្លែក្រូច ក្រូចឆ្មារ និងក្រូចថ្លុងសុទ្ធតែសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ flavonoids។ ការញ៉ាំផ្លែឈើសម្បូរ flavonoid អាចបន្ថយការរលាកនៅក្នុងរាងកាយដែលអាចបញ្ចុះសម្ពាធឈាម និងការឡើងរឹងនៃសរសៃអាកទែរ បង្កើនលំហូរឈាម និងការផលិតនីឌ្រិចអុកស៊ីត។ ការញ៉ាំផ្លែក្រូចថ្លុង និងក្រូចឆ្មារជាប្រចាំអាចបញ្ចុះសម្ពាធឈាម និងបន្ថយហានិភ័យជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល។

៧. មើមខ្ញី
ខ្ញីអាចបញ្ចុះសម្ពាធឈាម និងបង្កើនចរន្តឈាម។ ក្នុងការសិក្សាលើមនុស្សជាច្រើនបានឲ្យដឹងថាខ្ញីអាចបញ្ចុះសម្ពាធឈាមដែលអាចបង្កផលប៉ះពាល់អវិជ្ជមានទៅលើលំហូរឈាម។
ក្រៅពីញ៉ាំអាហារទាំងនេះ ការផ្លាស់ប្ដូរបរិបទនៃការរស់នៅប្រចាំថ្ងៃក៏អាចជួយដល់ចរន្តឈាមដែរ។ នេះជាសកម្មភាពដែលជួយដល់ចរន្តឈាម៖
ផ្ដាច់បារី៖ ជក់បារីអាចបង្កជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីកជាដើម និងអាចប៉ះពាល់ដល់លំហូរឈាម។

បង្កើនការធ្វើសកម្មភាព៖ ការហាត់ប្រាណអាចជំរុញលំហូរឈាមឲ្យដើរបានល្អ និងអាចកាត់បន្ថយហានិភ័យជំងឺបេះដូង។
សម្រកទម្ងន់៖ ការធាត់លើសទម្ងន់អាចប៉ះពាល់ដល់ចរន្តឈាម និងអាចឈានទៅរកផលវិបាកផ្សេងៗដូចជាការស្ទះសរសៃអាកទែរជាដើម។

ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ ការរក្សាជាតិទឹកសំខាន់សម្រាប់សុខភាពទាំងមូលរួមទាំងចរន្តឈាមដែរ។ ការខ្វះជាតិទឹកអាចបង្កការរលាកដល់រលាក និងរឹតត្បិតលំហូរឈាម។
កាត់បន្ថយស្ត្រេស៖ ការសិក្សាបង្ហាញថាកម្រិតស្ត្រេសអាចប៉ះពាល់ដល់សម្ពាធឈាម។ យកល្អគួរគ្រប់គ្រងស្ត្រេសតាមរយៈការហាត់យ៉ូហ្កា សមាធិ ឬហាត់ប្រាណ៕

ប្រភព៖ www.hellokrupet.com

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation