
ចិន ចោទថា ឥណ្ឌាបាញ់គំរាមជាច្រើនលើក នៅតំបន់ព្រំដែនដែលមានជម្លោះ

ប្រែសម្រួល៖ លាភ
ប៉េកាំង៖ យោធាចិន បានចោទយោធាឥណ្ឌា ថាបំពានលើកិច្ចព្រមព្រៀមទ្វេភាគី និងបានបាញ់គំរាមជាច្រើនលើក អំឡុងការប្រឈមមុខដាក់គ្នាមួយ នៅតំបន់ព្រំដែនដែលមានជម្លោះ កាលពីថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
លោក Zhang Shuili អ្នកនាំពាក្យយោធាចិន បានឱ្យដឹងនៅក្នុងថ្លែងការណ៍មួយនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញានេះថា ឆ្មាំនៅព្រំដែនចិន បានធ្វើការឆ្លើយតបទៅនឹងយោធាឥណ្ឌា ដើម្បីរក្សាស្ថិរភាពនៅតំបន់ព្រំដែនជម្លោះ។ សេចក្ដីថ្លែងការណ៍ មិនមានបញ្ជាក់ពីវិធានការដែលចិន បានប្រើប្រាស់ដើម្បីឆ្លើយតបនឹងការបាញ់គំរាមរបស់យោធាឥណ្ឌានោះទេ។
សូមជម្រាបថា កាលពីខែមិថុនា ទាហានឥណ្ឌា ចំនួន ២០នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នា ជាមួយទាហានចិន។ ការប៉ះទង្គិចនេះ បានញ៉ាំងឱ្យចិន និងឥណ្ឌា បញ្ជូនកងទ័ពបន្ថែម នៅកាន់តំបន់ព្រំដែនជម្លោះ។
លោក Zhang Shuili អ្នកនាំពាក្យយោធាចិន បានស្នើឱ្យភាគីឥណ្ឌា បញ្ឈប់សកម្មភាពដែលបង្កគ្រោះថ្នាក់ និងបើកការស៊ើបអង្កេត ដើម្បីដាក់ទោសទាហាន ដែលហ៊ានបាញ់គំរាមទាហានចិន ក្នុងគោលបំណងកុំឱ្យមានហេតុការណ៍នេះកើតឡើងសាជាថ្មីនៅពេលក្រោយ៕
ប្រភព៖ Reuters