ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីដាក់ទុនវិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រជាពលរដ្ឋ 

image

បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បានធ្វើការលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ក្នុងការដាក់ទុនវិនិយោគ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តបាត់ដំបង ព្រោះវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ការថ្លែងបែបនេះរបស់លោក ម៉ៅ ថូរ៉ា បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកជ្រើសតាំងនិងសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី១ នៅមន្ទីរពាណិិជ្ជកម្មខេត្តបាត់ដំបង នាថ្ងៃអង្គារ៍ ទី៨ ខែកញ្ញានេះ ។ 

លោកម៉ៅ ថូរ៉ា បានបញ្ជាក់ថា ការជឿន លឿនរីកចម្រើនរបស់ជាតិ គឺជាការផ្លាស់ប្តូរមុខមាត់ថ្មីដល់សហគមន៍ជាតិ តំបន់និងថ្នាក់អន្តរជាតិ ។ លោក បានលើកឡើងថា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ គឺត្រូវការចាំបាច់បំផុតនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលបានដើរតួនាទីក្នុងការធ្វើទំនាក់ទំនងវិនិយោគិន ដើម្បីដាក់ទុនវិនិយោគក្នុងប្រទេសម្ពុជា ក៏ដូចជាខេត្តបាត់ដំបង ជាបន្តទៀត ។ លោក បានជំរុញដល់ពាណិជ្ជករក្នុងខេត្តបាត់ដំបង ឲ្យបន្តសកម្មភាពក្នុងការធ្វើទំនាក់ទំនងល្អជាមួយក្រុមហ៊ុននានា  ដើម្បីនាំអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យបានច្រើន ដែលទាំងអស់នេះគឺដើម្បីចូលរួមលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ប្រជាកសិករដែលកំពុងធ្វើកសិកម្មឲ្យមានការរីកចម្រើន ។

ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក ភួ វាសនា បានធ្វើការប្តេជ្ញាចិត្តនឹងដឹកនាំ សភាពាណិជ្ជកម្មខេត្តបាត់ដំបងឲ្យឈានទៅរកការអភិវឌ្ឍនិងខិតខំស្វែងរកទីផ្សារជូនប្រជាពលរដ្ឋ និងបន្តគៀងគរអ្នកវិនិយោគគិនទាំងក្នុងនិងក្រៅប្រទេស ឲ្យមកវិនិយោគនៅក្នុងខេត្ត ដោយផ្តោតទៅលើវត្ថុធាតុដើមដែលមានស្រាប់ ព្រមទាំងការកែច្នៃកសិផល ដើម្បីនាំចេញទៅក្រៅប្រទេសឲ្យបានទូលំទូលាយថែមទៀតផង ៕

អត្ថបទ ឡាច សុគន្ធាវី និងរូបភាពៈ គួយ គឹមស៊ន

ព័ត៌មានទាក់ទង...