ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង គ្រោងចាត់វិធានការច្បាប់លើករណីកាប់ទន្ទ្រានថ្មី ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត

image

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង គ្រោងចាត់វិធានការច្បាប់លើករណីកាប់ទន្ទ្រានថ្មី ការឈូសឆាយដីព្រៃ និងការតាំងទីលំនៅថ្មីមិនស្របច្បាប់ ក្នុងតំបន់ការពារធម្មជាតិនៅដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងសេចក្តីជូនដំណឹងដោយរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានប្រាប់ដល់ប្រជាពលរដ្ឋ ដែលកំពុង តាំងទីលំនៅក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត ថា ស្របពេលដែលក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយក្រសួងបរិស្ថាន សហការអនុវត្តដោយក្រុមការងារចម្រុះខេត្ត បាននឹងកំពុងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដើម្បីពិនិត្យលើកយោបល់ស្វែងរកដំណោះស្រាយ លើបញ្ហាដីធ្លីនៅក្នុងភូមិសាស្ត្រស្រុកសំឡូត, រដ្ឋបាលខេត្ត បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានទន្ទ្រានដីព្រៃថ្មីបន្ថែមទៀត តាមរយៈការឈូសឆាយពង្រីក ការកាប់រាន ឬការតាំងទីលំនៅថ្មីមិនស្របច្បាប់ ដែលទង្វើបែបនេះ ជាសកម្មភាពខុសច្បាប់ ហើយរដ្ឋបាលខេត្ត និងមិនទទួលស្គាល់នូវរាល់ទិន្នន័យទាំងឡាយណា ដែលកើតដោយសារការរុករានថ្មីនេះឡើយ ទោះនៅក្នុងរូបភាពណាក៏ដោយ។

រដ្ឋបាលខេត្ត ក៏បានធ្វើការហាមឃាត់ជាដាច់ខាត និងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែង។ ករណីប្រជាពលរដ្ឋរឹងរូស ឬប្រឆាំងតបតដោយហិង្សាណាមួយ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ ករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្ត្រីឧទ្យានុរក្ស បានធ្វើការតាមដានជាប្រចាំផងដែរ។ 

ក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃ ភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ករណីមានការបំពានណាមួយ លើសេចក្តីជូនដំណឹងនេះ នឹងត្រូវចាត់វិធានការ ដោយធ្វើការចុះរើចាប់យកសម្ភារ គ្រឿងចក្រ ឬរុះរើលំនៅដ្ឋានតាំងថ្មី ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ និងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ គង់ ប៊ុនណា