ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង ដឹកនាំមន្ត្រីសំអាតបរិស្ថាន បន្ទាប់ពីខកខានអស់រយៈពេលជាង៥ខែមកហើយ

image

បាត់ដំបង៖ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រី្ដរាជការសាលាខេត្ត មន្រ្ដីរាជការពីស្ថាប័នមន្ទីរជំនាញក្នុងខេត្តបាត់ដំបង ព្រមទាំងសិស្សានុសិស្សវិទ្យាល័យក្នុងក្រុងបាត់ដំបងផងដែរ សំអាតបរិស្ថាន ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ការនាំគ្នាសំអាតបរិស្ថាននេះគឺ បន្ទាប់ពីបានខកខានធ្វើកម្មវិធីសម្អាតបរិស្ថាននេះអស់រយៈពេលជាង៥ខែមកហើយ ដោយលើកចុងក្រោយបានប្រារព្ធពិធីសម្អាតបរិស្ថាននេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ ដែលធ្វើឡើងដំបូងគេសម្រាប់ទីរួមខេត្តបាត់ដំបងផ្ទាល់ ដើម្បីរក្សាអនាម័យស្អាតល្អត្រៀមទទួលភ្ញៀវទេសចរដែលមកលេងសម្រាប់កម្មវិធីបុណ្យទន្លេ។

លោក ងួន រតនៈ បានលើកឡើងថា កម្មវិធីអនាម័យបរិស្ថាននេះ ដើម្បីលើកទឹកចិត្ត និងក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ឱ្យចេះស្រឡាញ់ ថែរក្សាបរិស្ថានឱ្យបានស្អាតជានិច្ច ដោយមិនត្រូវស្រឡាញ់តែក្នុងអំឡុងពេលនៃការធ្វើកម្មវិធីសម្អាតបរិស្ថានតែប៉ុណ្ណឹងទេ គឺត្រូវចេះស្រឡាញ់រហូត ត្រូវមានការសម្អាតមុខផ្ទះឱ្យបានស្អាតជានិច្ច ពិសេសត្រូវចេះចោលសំរាមក្នុងធុងសំរាម មិនត្រូវចោលពាសវាលពាសកាល ធ្វើឱ្យអនាម័យសាធារណៈមិនស្អាត ហើយអាចបង្កឱ្យមានការស្ទះលូនៅពេលភ្លៀងធ្លាក់ ដោយសារតែសំរាមហូរចូលមាត់លូជាដើម ជាពិសេសដើម្បីរក្សាកិត្តិនាមខេត្តមួយដែលស័ក្តិសមនឹងការទទួលពានរង្វាន់ផ្ការំដួល៣ទងផងដែរ។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ និងអំពាវនាវដល់ មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងក្រុមហ៊ុនប្រមូលសំរាម យកចិត្តទុកដាក់ទៅលើផ្លូវសំខាន់ៗ និងតាមផ្លូវសាធារណៈមួយចំនួនក្នុងក្រុងបាត់ដំបង ឱ្យធ្វើការសំអាត និងប្រមូលសំរាមឱ្យបានទៀងទាត់ ព្រោះបច្ចុប្បន្ននេះ មិនទាន់បានស្អាតនៅឡើយទេ ដោយទាមទារឱ្យមានការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការប្រមូលសំរាមឱ្យបានទៀងទាត់ ចៀសវាងការគរសំរាមចោលបង្កជាមេរោគ ក្លិន និងជម្ងឺផ្សេងៗដល់សុខភាពប្រជាពលរដ្ឋ ពិសេសក្មេងៗ កុមារ ចាស់ជរា ដែលងាយនឹងឆ្លងជំងឺផ្សេងៗ៕
ដោយ៖ គង់ ប៊ុនណា


ព័ត៌មានទាក់ទង...