ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ នៅសល់ដីប្រមាណ ១៤៧ គីឡូម៉ែត្រក្រឡា ដែលនៅមានការគម្រាមដោយសារមីន

image

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានថ្លែងឱ្យដឹងថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានជនរងគ្រោះថ្នាក់ដោយគ្រាប់មីនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ផ្ទៃដីមានមីនចំនួន ២២៣ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងយកមកប្រើប្រាស់ និងនៅសល់ដីប្រមាណ ១៤៧ គីឡូម៉ែត្រក្រឡាដែលនៅមានការគម្រាមដោយសារមីន។

បើតាមលោកអភិបាលខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យ មានជនរងគ្រោះដោយសារមីន និងគ្រាប់ចំនួន ៨.៨៨២នាក់ ស្មើនឹង ១៤% នៃគ្រោះថ្នាក់ទូទាំងប្រទេស។ ដោយឡែក ឃុំអូរបីជាន់ គឺជាឃុំមួយក្នុងចំណោមឃុំដែលមានមីនច្រើនបំផុតក្នុងខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ និងរបួសចំនួន ១៣៨ នាក់ ស្រី ១០នាក់ ដោយសារមីនចំនួន ១២៨នាក់។

លោក អ៊ុំ រាត្រី បានឱ្យដឹងបន្ថែមទៀថា ឃុំអូរបីជាន់ មានផ្ទៃដីដែលបានបោសសម្អាតមីនរួចចំនួន ១៧,៤ គីឡូម៉ែត្រក្រឡា ហើយនៅសល់ផ្ទៃដីសង្ស័យថាមានមីន ចំនួន ១៦,៥ គីឡូម៉ែត្រក្រឡា។
ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យរួចផុតពីការគម្រាមកំហែងដោយសារមីន។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកញ្ញាម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4) រួមមាន អូស្ត្រាលី កូរ៉េខាងត្បូង អង្គការ UNDP ចុះទៅពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ក្នុងគោលបំណងបង្ហាញពីសកម្មភាពបោសសម្អាតមីន រួមចំណែកក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ មានការគាំទ្រថវិកាពីប្រទេសអូស្រ្តាលី ប្រទេសណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងអង្គការ UNDP ដោយផ្តោតសំខាន់ទៅលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គាំទ្រកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន និងការពង្រឹងសមត្ថភាពថ្នាក់ជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥។

ចាប់ពីឆ្នាំ ២០០៦ រហូតដល់ខែកក្កដា ឆ្នាំ ២០២០ គម្រោងបានបោសសម្អាតដីមានមីនចំនួន ២៤៦.៥ គីឡូម៉ែត្រការ៉េ ដោយរកឃើញនិងបានបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦៩.៨១៥ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១.៤៩៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២១២.៥៥៥គ្រាប់ ដែលបានផ្តល់ផលប្រយោជន៍ជាប្រយោលដល់ប្រជាជនក្នុងសហគមន៍ប្រមាណ ១.០២៨.៦៨៣ នាក់ ក្នុងនោះ ៥០ ភាគរយជាស្ត្រី៕

ព័ត៌មានទាក់ទង...