ខេត្តព្រះសីហនុ និងអគ្គិសនីកម្ពុជា កំពុងរៀបចំតអគ្គិសនី កម្លាំង១១៥គីឡូវ៉ុល ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងខេត្តមួយនេះ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហន និងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានជួបពិភាក្សាគ្នាដោះស្រាយគន្លងខ្សែកាបកប់ក្នុងដីដែលមានតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសដែលមានតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្នុងក្រុងព្រះស៊ីហនុ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោក គួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋាភិបាល បានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រទេស គឺ កត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ម្យ៉ាងវិញទៀត អគ្គិសនីក៏បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់។

ក្នុងនាមអភិបាលខេត្តព្រះសីហនុ លោកមានមោទនភាព ដែលជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ ដែលជាខេត្តផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់ ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ ទោះបីការអភិវឌ្ឍផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនក៏ដោយ តែបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ពេលវេលា។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុក បរិមាណការប្រើប្រាស់អគ្គិសនីមានការកើនឡើង។ ចំណុចសំខាន់ត្រូវធ្វើការដោះស្រាយអគ្គិសនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ។

ទន្ទឹមនឹងនេះ ក៏មានការស្នើសុំឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថា ប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវកានៅពេលខាងមុខ៕
ដោយ៖ គង់ ប៊ុនណា



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation