ព័ត៌មានជាតិ

ប្រកាសសមាសភាពក្រុមការងារដើម្បីចុះជួយដឹកនាំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រ

image

អត្ថបទ៖ ប៉ៃ សុឃីម 
ព្រះសីហនុ៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកញ្ញានេះ មានរៀបចំពីធីពិធីប្រកាសសមាសភាព ក្រុមការងារដើម្បីចុះជួយដឹកនាំ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរ បាលជាតិ និងជាប្រធានក្រុមការងារ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរ បាលជាតិ និងជាអនុប្រធានក្រុមការងារ លោក ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារ និង លោក ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារ ព្រមទាំងមានការចូល រួមពីអនុប្រធាននាយកដ្ឋាបដែលពាក់ព័ន្ធ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក លោកឧត្តមសេនីយ៍ស្នងការ មកពីខេត្តទាំងបួន រួមមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែបជាសមាជិកា។

យោងតាមលិខិតបង្គាប់ការលេខ០០៦ល.ប.ក. របស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ក្រុមការងារមាន ភារកិច្ចចុះពង្រឹងនៅខេត្ត ទាំងបួនជាប់តំបន់ឆ្នេរ ដើម្បីពិនិត្យ ណែនាំរៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតប នឹងសភាពការណ៍ជាក់ស្តែង និងស្របតាមគោលការណ៍ ផែនការ ទិសដៅនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិដែលបានដាក់ចេញ ជាពិសេសការចាត់តាំងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ អ្នកវិនិយោគិន អ្នកទេសចរណ៍ ជាតិនិងអន្តរជាតិ។

ជាមួយគ្នានេះដែរ ពិនិត្យវាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដោយត្រូវអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍរីកចម្រើនថ្មីៗ តាមដានការអនុវត្តរបស់ ស្នងការដ្ឋាននគរបាលខេត្ត ទាំង៤ជាប់តំបន់ឆ្នេរស្នើសុំការអនុញ្ញាតប្រើកម្លាំងអន្តរាគមន៍ដើម្បីដោះស្រាយសភាពការណ៍ចាំបាច់មួយចំនួន ពីអគ្គស្នងការនគរបាលជាតិ៕


ព័ត៌មានទាក់ទង...